(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំបន្តយុទ្ធនាការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ និងបន្តនាំយកអំណោយផ្សេងៗ ដែលខេត្តមានទៅ ប្រគល់ឱ្យរដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្ត ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងបម្រើដល់សកម្មភាព ក្នុងការប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ នៅមូលដ្ឋានក្នុងខេត្ត ក្នុងប្រតិបត្តិការឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត។

លោក ជាវ តាយ បានថ្លែងផ្ដាំផ្ញើយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានប្រគល់អំណោយជូនដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ ទុកចេញជូនប្រជាពលរដ្ឋ ដែលបានធ្វើឡើងនៅទីធ្លាសាលាខេត្តកំពត ដោយមានការចូលរួម ពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ជុំវិញរដ្ឋបាលខេត្តកំពត។

លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់មន្ត្រី អាជ្ញាធរក្រុងស្រុក ត្រូវបន្តយកអំណោយចែកជូនដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់របស់ខ្លួន ក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកថា អំណោយដែលបានផ្ដល់ជូនដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់នេះ គឺជាការផ្ដល់ជូនលើកទី២ហើយ អំណោយទាំងនេះគឺបានមកពីការចូលរួមជាមួយរដ្ឋបាលខេត្ត ពីសប្បុរសជននានា។

ក្នុងនោះដែរលោក ជាវ តាយ បានផ្ដាំផ្ញើដល់មន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការអនុវត្តនូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដើម្បីខេត្តកំពតរួចផុតពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា។

អំណោយចែកជូន ស្រុក ក្រុងទាំង៨ រួមមាន៖ អង្គរចំនួន ៨,៧០០គីឡូក្រាម ចែកជូនពលករទើបត្រលប់មកពីបរទេស ចំនួន៤៣៥នាក់ ដោយម្នាក់ៗ ២០គីឡូក្រាម។

ម៉ាស់ចំនួន១៦០ប្រអប់ ស្មើនឹង ៨,០០០ម៉ាស់ ដោយមួយក្រុង ស្រុក ទទួលបាន ១,០០០ម៉ាស់។ ជែល អាកុលលាងដៃ ចំនួន១២០ដប ដោយមួយក្រុងស្រុកទទួលបាន ១៥ដប៕