(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត បានពន្លឿនផែនការរបស់ខ្លួន ក្នុងការផ្តល់ជូនដល់សហគមន៍ អ្នកគាំទ្រវិស័យហ្គេម នូវវេទិកា (platform) សម្រាប់លេងហ្គេមកំសាន្ត ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរ កំពុងត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងស្ថានការណ៍ដ៏ពិបាកនេះ។

PlayGame គឺជាវេទិកា (Virtual gaming platform) សម្រាប់លេងហ្គេមកំសាន្តដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលអាចឲ្យមនុស្សគ្រប់វ័យ អាចលេងហ្គេម ដែលពួកគេចូលចិត្ត នៅលើទូរសព្ទ័ស្មាតហ្វូន ហើយថែមទាំងមានឱកាស ឈ្នះនូវប្រាក់រង្វាន់ជាច្រើនទៀតផង។

ប្អូនៗយុវជននៅទូទាំងប្រទេសកម្ពុជា សុទ្ធតែអាចចូលរួមនៅក្នុងវេទិកានេះ ដើម្បីលេងហ្គេមកំសាន្តសប្បាយបាន ដោយពួកគាត់គ្រាន់តែចូលទៅទាញយកកម្មវិធី PlayGame នៅលើហាងកម្មវិធីរបស់ iOS និង Android។

អ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត គ្រប់ប្រព័ន្ធទាំងអស់ អាចបង់សេវាដើម្បីចូលរួមលេងកំសាន្ត តាមរយៈការប្រើកាតកោសរបស់សែលកាត ឬការបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអនឡាញ។ ក្នុងនោះ អ្នកលេងហ្គេមនឹងទទួលបាននូវជម្រើសជាច្រើនដូចជា ការលេងតែម្នាក់ឯង ការលេងជាក្រុមជាមួយមិត្តភក្តិ ឬការលេងជាមួយអ្នកដទៃ ផ្សេងទៀតជាដើម។

កាន់តែពិសេសទៀតនោះ អ្នកដែលឈរនៅលើកំពូលគេ ក្នុងតារាងចំណាត់ថ្នាក់ នឹងទទួលបានប្រាក់រង្វាន់ ដែលនឹងទូទាត់ជូនដោយស្វ័យប្រវត្តិ ចូលទៅក្នុងគណនី PlayGame របស់ពួកគាត់ ហើយប្រាក់រង្វាន់ទាំងនោះ ក៏អាចដកយកជាសាច់ប្រាក់ តាមរយៈវីងបានផងដែរ។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា PlayGame គឺជាការផ្តល់ជូនដ៏គួរឲ្យរំភើបបំផុតមួយ ដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រនៃការគាំទ្រ និងការពង្រីកវិស័យហ្គេមរបស់សែលកាត។

លោក Watson បាន បន្ដថា «យើងបានសម្រេចចិត្តក្នុងការបើកសម្ពោធគម្រោងនេះ លឿនជាងការរំពឹងទុក ព្រោះយើងចង់ជួយឲ្យប្អូនៗយុវជន ទទួលបានការកំសាន្តរីករាយ បន្ទាប់ពីការសិក្សា និងអាចប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមកដោយសុវត្ថិភាពតាមប្រព័ន្ធអនឡាញ»

«PlayGame មានផ្តល់ជូននូវហ្គេមគ្រប់ប្រភេទ និងគ្រប់កំរិតដល់ប្អូនៗយុវជន អ្នកគាំទ្រទាំងអស់ ដោយក្នុងនោះ មានរាប់បញ្ចូលទាំងអ្នកលេងកីឡាអេឡិចត្រូនិចអាជីព អ្នកលេងកម្រិតធម្មតា និងអ្នកលេងដែលមានបំណង គ្រាន់តែចង់កំសាន្តសប្បាយ ជាមួយប្រភេទវីដេអូហ្គេមងាយៗជាដើម»។ នេះជាការបញ្ជាក់ របស់លោក Watson។

សហគមន៍អ្នកគាំទ្រវិស័យហ្គេម ថែមទាំងអាចរីករាយ ជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន រួមមានទាំងទឹកប្រាក់រហូតដល់ទៅ១,០០០ ដុល្លារ សម្រាប់ប្រភេទហ្គេមដែលកំពុងពេញនិយមបំផុត ដូចជា PUBG, Mobile Legends និង Rules of Survival។

វេទិកា PlayGame នឹងផ្តល់ឱកាសឲ្យសែលកាត អាចរៀបចំនូវកម្មវិធីប្រកួតកីឡាអេឡិចត្រូនិចខ្នាតធំ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួម បង្កបរិយាកាស សប្បាយ ពីសំណាក់បុគ្គលមានប្រជាប្រិយភាព (Game Infuencers) ក្នុងវិស័យហ្គេម និងអ្នកផ្សាយហ្គេមតាមអនឡាញល្បីៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Watson បានថ្លែងថា «PlayGame គឺជាប្រភពនៃការកំសាន្តសប្បាយដ៏អស្ចារ្យ ដែលអាចឲ្យសហគមន៍អ្នកគាំទ្រវិស័យហ្គេមទូទាំងប្រទេសកម្ពុជា អាចប្រមូលផ្តុំ ជួបជុំជជែកគ្នា ឬបង្កើនសមត្ថភាពលេងហ្គេមរបស់ពួកគេ ដើម្បីក្លាយខ្លួនជាកីឡាករអេឡិចត្រូនិចអាជីពដូចក្រុម Orange Esports ជាដើម»