(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា (ICRC) បានប្រគល់សម្ភារអនាម័យចំនួន២០តោន ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្កាការរីករាលដាលនៃ ជំងឺកូវីដ១៩ក្នុងពន្ធនាគារ នៅឯមណ្ឌលអប់រំកែប្រែទី១ (ម១)។

ពីប្រគល់និងទទួលបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជា, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, និងលោក នុត សាវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ។

គោលបំណងនៃការឧបត្ថម្ភសម្ភារៈទាំងនេះ គឺក្នុងន័យគាំទ្រនិងចូលរួមបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបង្កាទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺខូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។ អគ្គនាយកដ្ឋានពន្ធនាគារទទួលបន្ទុកក្នុងការគ្រប់គ្រង និងបែងចែកសម្ភារទាំងនេះ។

លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បានថ្លែងថា ជំងឺរាលដាលកូវីដ១៩ កំពុងតែបន្តផ្ដល់នូវផលប៉ះពាល់យ៉ាងខ្លាំងជុំវិញសកលលោក។ ខណៈដែលការអនុវត្តគម្លាតសង្គម និងការសម្អាតដៃកំពុងតែត្រូវបានអនុវត្តន៍ពីសាធារណៈជនទូទៅ ប៉ុន្តែចំណុចទាំងប៉ុន្មាននេះ គេអាចចាត់ទុកបានថាជារឿងដែលប្រណីតបំផុត នៅក្នុងពន្ធនាគារ។ យ៉ាងណាមិញការអនុវត្តរបស់ជនជាប់ឃុំបានបង្ហាញឲ្យឃើញនូវកត្តាប្រឈមមួយបែបទៀត គឺការប្រឈមមុខនឹងកង្វះខ្យល់ អនាម័យ និងភាពចង្អៀតណែន ក្នុងពន្ធនាគារ។

លោកបានបន្តថា «អាទិភាពចម្បងនៃបេសកកម្មរបស់យើងនៅពេលនេះ គឺការជួយឧបត្ថម្ភគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារក្នុងការការពារដល់ជនជាប់ឃុំទាំង ៣៨,០០០នាក់ និងមន្រ្តីពន្ធនាគារចំនួន ៤,០០០ នាក់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ និងវិធានការឆ្លើយតបនៅពេលដែលមានករណីកើតឡើង។
រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បានឲ្យដឹងទៀតថា «ពួកយើងបានខិតខំផ្ដល់នូវតម្រូវដែលចាំបាច់ជាពិសេស សម្ភារការពារអនាម័យខ្លួនប្រាណ ក៏ដូចជាវគ្គបណ្ដុះបណ្ដាលនិងជំនួយបច្ចេកទេសផ្សេង។ ការសហការជាដៃគូ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ យើងបានអនុវត្តន៍ គាំទ្រនិងចូលរួមបំពេញបន្ថែមនូវការចុះវាយតម្លៃ លើប្រព័ន្ធរៀបចំនិងការឆ្លើយតបសម្រាប់ហានិភ័យណាមួយ ដែលអាចកើតឡើង»

លើសពីនេះ លោកប្រធានបេសកកម្មបានបន្ថែមថា ក្រុមការងារ ICRC មានកត្តិយសណាស់ដែលមានកិច្ចសហការ និងបានចូលរួមចំណែកជាមួយអគ្គនាយកដ្ឋានពន្ធនាគារ។ ICRC បានត្រៀមកញ្ចប់ថវិការចំនួន ២៣០,០០០ដុល្លារ សម្រាប់កិច្ចប្រតិបត្តិការទៅលើការផ្គត់ផ្គង់សម្ភារ និងឧបករណ៍ដែលចាំបាច់ និងផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់អាជ្ញាធរក្នុងពន្ធនាគារ។ យ៉ាងណាមិញនៅមានចំណុចជាច្រើនទៀត ដែលគួរតែត្រូវបានបំពេញ នៅក្នុងនេះផងដែរ លោកសូមអំពាវនាវដល់ស្ថាប័នមនុស្សធម៌ទាំងឡាយ និងស្ថាប័ននានា ដែលមានគោលបំណងចង់ចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌នេះ អាចចូលរួមជាមួយ ICRC បាន។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ICRC បានបន្ថែមទិសដៅបេសកកម្មរបស់ខ្លួនក្នុងការឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អង្គការមនុស្សធម៌នេះទៀតសោត កំពុងតែផ្ដោតការយកចិត្តទុកដាក់គាំទ្រដល់អាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់ការឆ្លងឬរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ ហើយនឹងប្រាកដថា ជនជាប់ឃុំនៅតែអាចមានទំនាក់ទំនងជាមួយគ្រួសាររបស់គេដដែល។

ICRC ក៏ប្រាកដថា មណ្ឌលស្ដារលទ្ធភាព ពលកម្ម កាយសម្បទា ក្នុងខេត្តបាត់ដំបង និងកំពង់ស្ពឺ និងនៅតែមានប្រតិបត្តិការដដែល។ ជាងនេះទៅទៀត កិច្ចគាំទ្រជាមួយសមាគមជាតិកាកបាទក្រហម ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអនាម័យ សុខភាព និងវិធីសាស្រ្តសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តទាំង១៣ ដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ៕