(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាដល់ អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។

ក្នុងសេចក្ដីណែនាំដែលផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវខិតខំសម្របសម្រួល ដោះស្រាយ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព។

ទន្ទឹមនេះត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ជ្រួតជ្រាបអំពីគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមគោរព និងសហការអនុវត្តតាមស្មារតីបទបញ្ជារបស់រាជរដ្ឋាភិបាល សំដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ COVID-19 នៅកម្ពុជា ក៏ដូចជាថែរក្សាសុខភាពសាធារណៈ និងការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ៕