(ព្រះវិហារ)៖ ក្នុងស្មារតីអបអរសាទរទិវាជ័យ ជំនះ៧មករា លើកទី៣៧ ដែលប្រទេសកម្ពុជា​ ទាំងមូល បានសង្គ្រោះចេញពីវាលពិឃាតនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តភូមិភាគឥសាន្ត ទាំង៣របស់ប្រទេសថៃ រួមមាន ខេត្តឧប៊ុនរាជធានី ខេត្ត សុីសាកេត និងខេត្តអំណាចចំរើន បានរៀបការតាំងពិព័រណ៍ ផលិតផលកសិកម្ម-ពាណិជ្ជកម្ម លើកទី៦ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។

ពិធីនេះបានរៀបចំឡើង ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារ​ចុះជួយខេត្តព្រះវិហារ អភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា និងអភិបាលខេត្តទាំង៣របស់ថៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

អភិបាលខេត្តព្រះវិហារ បានថ្លែងថា នៅរាត្រីនេះមានកម្មវិធីសិល្ប: បាញ់កាំជ្រួច ដើម្បីផ្តល់បរិយាកាសរីករាយ ជូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីមួយនេះ និងគោលបំណងបង្កើនភាពស្និទ្ធស្នាល ចងមេត្រីភាព រវាងប្រជាជនទាំង២ កាន់តែខ្លាំងឡើង ទាំងការរកសីុ និងរស់នៅតាមព្រំដែន ពោរពេញដោយសន្តិភាព៕