(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចជំនាញស្រុកភ្នំព្រឹក ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិដំណាក់បេងឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖ទី១ឈ្មោះ រឿង រិទ្ធ ភេទប្រុសអាយុ២៩ឆ្នាំ និងទី២ឈ្មោះ ស គឹមសួង ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នាខាងលើ។

លោកបានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចរឹបអូស បានថ្នាំញៀនយ៉ាម៉ា៨គ្រាប់ កាំភ្លើងអាកា៤៧ កាត់ស្វាយ១ដើម កាំភ្លើងបាញ់ព្រួញ១ដើម ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។​ បន្ទាប់ពីឃាត់ខ្លួនហើយ​ សមត្ថកិច្ចនគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់៕