(ស្ទឹងត្រែង)៖ គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត នាំទៅប្រគល់ជូនកងវរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៧០១ នៅចំណុចត្រពាំងក្រៀល ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សំណេះសំណាលទៅកាន់កងកម្លាំងការពារព្រំដែនកម្ពុជា-ឡាវ លោក ម៉ុម សារឿន បានពាំនាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ណាស់ ចំពោះសុខទុក្ខ របស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរ ចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិប្រកបដោយខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។

ជាមួយគ្នានេះ លោក ម៉ុម សារឿន រំលឹកដល់កងកម្លាំងទាំងអស់ត្រូវតែរស់នៅប្រកបដោយអនាម័យជានិច្ច ព្រមទាំងត្រូវស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធជាមួយវីរុស កូរ៉ូណា ឬជំងឺផ្លូវដង្ហើមបករភេទថ្មី កូវីដ-១៩ (COVID-19) ដែលកំពុងរីករាលដាលជាសកលនៅបណ្ដាលប្រទេសជាច្រើន ក្នុងនោះប្រទេសកម្ពុជា ក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវមួយនេះ។

លោក ម៉ុម សារឿន បានបន្តថា «យើងទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយប្រទេសជិតខាងព្រំដែនយើងទាំងអស់គ្នាក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន»។

សូមបញ្ជាក់ថា អំណាយរបស់សម្តេច ស ខេង រួមមាន៖ អង្ករ ១,៥០០ គីឡូក្រាម, មីជាតិ ៨កេសធំ, ត្រីខកំប៉ុង ៨កេស, ទឹកស៊ីអ៊ីវ ៨កេស, ទឹកត្រី ៨កេស, ក្រម៉ា១៣០, សាប៊ូ ៨ឡូ និងថវិកា ២លានរៀល។ ដោយឡែកអំណាយរបស់លោក សាយ សំអាល់ រួមមាន៖ អង្ករ ២៥បាវ, មីជាតិ ៧០កេស, ប្រេងឆា ១លីត្រ ចំនួន១០កេស, ត្រីខកំប៉ុង ៥កេសធំ, ទឹកស៊ីអ៊ីវ ៤០យួរ, ទឹកត្រី ៤០យួរ, ត្រីងៀត ១០០គីឡូក្រាម, ផ្អក ១០០គីឡូក្រាម, ស្ករស ៥០គីឡូក្រាម, ប៊ីចេង ៥០ថង់, ខ្ទឹមសរ ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម និងអំបិល ១០០គីឡូក្រាម ផងដែរ៕