(ភ្នំពេញ)៖ នៅខាងមុខសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល បានអនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ «យើងរួមគ្នា! ប្រឆាំងមេរោគកូវីដ ១៩! តាមការណែនាំរបស់ក្រសួងសុខភិបាល» កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ក្នុងនោះ បានអនុវត្តន៍សកម្មភាពអនុវត្តទី១៖ ការចាក់ផ្សព្វផ្សាយសារប្រឆាំងមេរោគកូវីដ ១៩ របស់ក្រសួងសុខាភិបាល និងទី២៖ ការធ្វើសកម្មភាអប់រំពី វិធីកាត់បន្ថយ ហានិភ័យ ការឆ្លងជំងឺកូវីដ ១៩ ជាមួយនឹងការជូនអាល់កុលលាងដៃ ក្នុងម្នាក់បានមួយដបដល់បងប្អូនដូចជា អ្នករកស៊ីរត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី និងបងប្អូនដទៃទៀត សរុបចំនួន២៥០នាក់។

ក្នុងឱកាសធ្វើសកម្មភាអប់រំពី វិធីកាត់បន្ថយហានិភ័យ ការឆ្លងជំងឺកូវីដ១៩នោះ កម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀល បានជម្រាបដល់បងប្អូន ជា អ្នករកស៊ីរត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី និងបងប្អូនដទៃទៀត ដែលអញ្ជើញចូលរួមថា តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល វិធីកាត់បន្ថយហានិភ័យការឆ្លង ជំងឺកូវីដ១៩មាន៖

* ទី១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាសកុលហ្សែន
* ទី២៖ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬ កណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យរួចបោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
* ទី៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ
* ទី៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
* ទី៥៖ បរិភោគអាហារដែលចម្អិនបាន ឆ្អិនល្អ
* ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

កម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀល បានបន្តជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនទូរស័ព្ទទៅកាន់ ១១៥ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ហៃ ច័ន្ទភារិទ្ធ ក្នុងនាមកម្មសិក្សាការី វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀល បានស្នើសុំឲ្យបងប្អូនអ្នករកស៊ីរត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប ចូលរួមធ្វើអនាម័យឲ្យបានញឹកញាប់ ដោយលាងសម្អាតដៃនឹងសាប៊ូឲ្យបានទៀងទាត់ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីថែរក្សានូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច «ការពារខ្លួនយើង ក៏ដូចការពារក្រុមគ្រួសារយើងផងដែរ»។

លោក ហៃ ច័ន្ទភារិទ្ឋ ប្រធានសម្របសម្រួល នៃកម្មសិក្សាការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀល បានបញ្ជាក់ថា ទឹកអាល់កុលលាងដៃនេះ ជាវិភាគទានរបស់ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាគណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីតកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់នៃមេរោគ COVID-19។

លោក ហៃ ច័ន្ទភារិទ្ឋ ប្រធានបញ្ជាក់ថា ថ្ងៃនេះយើងចែកទឹកអាល់កុល ចំនួន២៥០ដប និងសាប៊ូ ក្រមា ដល់អ្នកធាក់ក្លូ។ លោកបន្តថា ថ្ងៃនេះ លើកទី៤ហើយ ដែលកម្មសិក្សាការី បានចែកទឹកអាលកុលលាងដៃ ដល់អ្នកធាក់ស៊ីក្លូ ក៏ដូចអ្នកខ្វះខាត។ ក្នុងនោះម្នាក់ៗ ទទួលបាននូវទឹកអាល់កុលលាងដៃ១ដប សាប៊ូ២ដុំ ក្រមា១ និងថវិកា៤ម៉ឺនរៀល។
លោក ហៃ ច័ន្ទភារិទ្ឋ បានឲ្យដឹងទៀតថា ការអនុវត្តកម្មវិធីសង្គមនេះ សាលាភូមិន្ទរដ្ឋបាល មានគោលបំណងចង់ឱ្យកម្មសិក្សាការី សិស្សមន្រ្តី ក្លាយជាអ្នកដឹកនាំមានគុណសម្បត្តិ បង្កើតទស្សនៈ និងយុទ្ធសាស្រ្តកសាងការងារក្រុមដោយប្រសិទ្ធិសហការ និងភាពជាដៃគូ លើកកម្ពស់គំនិតនវានុវត្តន៍ និងឆ្លាតវៃការដោះស្រាយបញ្ហា។

ចំណែកគោលបំណងមួយទៀតគឺពួកយើងខ្ញុំដែលជា កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញវេនរសៀលកដូចជា ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្រ្តី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល ទាំងអស់ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ទល់នឹង Covid19។

សូមបញ្ជាក់ថា កម្មវិធីសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគម្រោងចែកអាល់កុលលាងដៃនេះ បានថវិកាគាំទ្រពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្រ្តី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ទល់នឹង Covid 19 ដោយអនុវត្តចាប់តាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០មក៕