(ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានកំពុងបន្តបើកការស៊ើបសួរលោក សុវណ្ណ រិទ្ធី ក្រោយសមត្ថកិច្ចនគបាលឃាត់ខ្លួន។ ក្រោមបទចោទប្រកាន់បានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19 ។ ពាក់ពន្ធ័អំពើប្រព្តិត្តនេះដែរលោក សុវណ្ណ រិទ្ធី កំពុងប្រឈមនឹងបញ្ញត្តិ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្នុងអំពើរញុះញង់ឲ្យប្រព្រឹត្តបទល្មលសជាអាទិ៍។

កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ នេះបើតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។

សូមបញ្ជាក់ថា កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕