(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃត្រង់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការដាក់ឲ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយ របស់កម្ពុជា ២០១៥-២០១៥ ស្របតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦តទៅ តែមិនអនុវត្តជាប្រតិសកម្មទេ។

លោក ជា សំណាង ប្រធានការិយាល័យកិច្ចការអន្តរជាតិ បានឲ្យដឹងថា ការដាក់ឲ្យអនុវត្តកម្មវិធីកាត់បន្ថយនិង/ឬ លុបបំបាត់ពន្ធគយរបស់កម្ពុជា ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ឆ្នាំ២០១២ ត្រូវបានអនុវត្តតាំងពីមុនឆ្នាំ២០១៥មកម្ល៉េះ ដោយបង្កើតនូវតារាងពន្ធ ដោយធ្វើការកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ ។ ចំណែកឆ្នាំនេះ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញតារាងតម្លៃពន្ធគយថ្មីមួយទៀត ដើម្បីដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ស្របតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន ។

(សូម Download ទាញយកតារាងកម្មវិធីកាត់បន្ថយពន្ធ និង/ឬលុបបំបាត់ពន្ធគយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ទម្រង់ PDF)

លោកបញ្ជាក់ថា តារាងតម្លៃពន្ធគយសម្រាប់ដាក់ឲ្យអនុវត្តថ្មីនេះ មានពន្ធនាំចូលមួយចំនួនធ្លាក់ ដល់អត្រា០ភាគរយ បានសេចក្តីថាមិនមានការបង់ពន្ធនោះទេ៕