(ភ្នំពេញ)៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវមួយ ដោយសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលើកពេលឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីការពារក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សេចក្ដីអំពាវនាវបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គា្ន សភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឲ្យសំលេង កម្មករនិយោជិតដែលកំពុងបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងការបូប ដែលកំពុងបម្រើការងារនៅតាមរោងចក្រ គ្រឹះស្ថាននានានៅក្នុងប្រទេសកម្ពុជា សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលើកពេលថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២០នេះ»

សេចក្ដីសម្រេចនេះ គឺជាវិធានការសមស្របមួយ ក្នុងការឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលជាបញ្ហាធ្ងន់ធ្ងរជាសាកល។ ការលើកពេលសម្រាកនេះ គឺជាជម្រើសមួយដ៏មានប្រសិទ្ធិភាពបំផុត ព្រោះថាសហគ្រាសគ្រឹះស្ថានដែលនឹងបន្ដដំណើរ ជាធម្មតានាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិទាំងនេះ គឺត្រូវចាត់ទុកថាជាកន្លែងមានសុវត្ថិភាពបំផុត សម្រាប់បងប្អូនកម្មករនិយោគជិត ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។

ជាការពិតណាស់កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅក្នុងសហគ្រាស់គ្រឹះស្ថានទាំងនោះ ត្បិតតែនៅធ្វើការជុំគ្នា ប៉ុន្ដែពួកគាត់សុទ្ធតែជាអ្នកដែលមិនមានផ្ទុកជំងឺកូវីដ១៩នោះទេ ហើយពួកគាត់មិនបានជួបជាមួយក្រុមមនុស្សច្រើន ដែលមានសមាសភាពផ្សេងគ្នា ពោលគឺពួកគាត់ជួបតែមនុស្សដដែលៗ នៅនឹងកន្លែងធ្វើការ និងពេលចប់ពីការងារពួកគាត់ធ្វើដំណើរទៅផ្ទះ ជួបគ្រួសារដែលជាមនុស្សដដែលៗ ដូច្នេះហានីភ័យនៃការឆ្លងគឺមានភាគរយតិច។

ផ្ទុយមកវិញប្រសិនបើកម្មករ និយោជិតបានឈបសម្រាក គឺនឹងអនុញ្ញាតឲ្យបងប្អូនកម្មករ និយោជិតរាប់ម៉ឺននាក់នឹងចល័ត ពេញទូទាំងប្រទេសដើម្បីធ្វើដំណើរជួបក្រុមគ្រួសារ តាមភូមិស្រុករៀងៗខ្លួន នេះជាឱកាសនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្ពស់ និងបង្កហានីភ័យធ្ងន់ធ្ងរដល់សង្គម ព្រមទាំងក្រុមគ្រួសារ។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា «សូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតខ្មែរគ្រប់រូប ឲ្យបន្ដចូលរួមគោរព និងអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ការបន្ដធ្វើការធម្មតានាពេលនេះ គឺជាការចូលរួមរបស់បងប្អូនកម្មករ និយោជិតក្នុងការអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល មិនត្រឹមតែអាចការពារសុខភាព សុវត្ថិភាពខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានការពារសុខភាព និងសុវត្ថិភាពក្រុមគ្រួសារបងប្អូនថែមទៀតផង។ បងប្អូននិយោជិតទាំងអស់អាចឈប់សម្រាកបាន នៅវេលាសមស្របណាមួយរយៈពេល៥ថ្ងៃ ជំនួសឲ្យការឈប់សម្រាក៤ថ្ងៃ និងអាចជួបជុំក្រុមគ្រួសារមិត្តភក្រ្ដិបានយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភ បន្ទាប់ពីស្ថានភាពបានល្អប្រសើរឡើងវិញ នាពេលខាងមុខ»។

សូមបញ្ជាក់ថា សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕