(ភ្នំពេញ)៖ សហភាពសហជីពការងារយុវជនកម្ពុជា ដែលជាតំណាងឲ្យសំឡេងកម្មករ និយោជិត ដែលកំពុងបម្រើការងារ តាមសហគ្រាសកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីអំពាវនាវដល់បងប្អូនកម្មករ-និយោជិត សូមបន្តធ្វើការដូចធម្មតា នាឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងគ្រួសារពីជំងឺកូវីដ១៩។

សេចក្តីអំពាវនាវរបស់សហភាពសហជីពការងារយុវជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ការបន្តធ្វើការជាធម្មតានាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាការចូលរួមរបស់បងប្អូនកម្មករ និយោជិត ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងមិនត្រឹមតែអាចការពារសុខភាព សុវត្ថិភាពខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចការពារសុខភាព និងសុវត្ថិភាពគ្រួសាររបស់បងប្អូន និងមិត្តរួមការងាររបស់បងប្អូនផងដែរ»។

ជាមួយគ្នានេះ សហភាពសហជីពការងារយុវជនកម្ពុជា ក៏បានលើកឡើងថា បងប្អូនកម្មករនិយោជិត នឹងអាចឈប់សម្រាកបាននៅពេលវេលា សមស្របណាមួយចំនួន៥ថ្ងៃ ដែលជំនួសឲ្យថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំៗនេះ និងនៅតែអាចជួបជុំគ្រួសារ និងមិត្តភក្តិបានយ៉ាងសប្បាយរីករាយ គ្មានការព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីស្ថានភាពបច្ចុប្បន្នមានភាពល្អប្រសើរឡើងវិញ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕