(កំពង់ឆ្នាំង)៖ ផ្ទះអ្នកភូមិអណ្តូងឬស្សីប្រមាណ ១០គ្រួសារ នឹងត្រូវដាក់ជាគ្រួសារគំរូក្នុងការអភិ វឌ្ឍន៍ឲ្យក្លាយទៅជាផ្ទះបទបង្ហាញពីការធ្វើក្អមឆ្នាំង ការឡើងត្នោតការផលិតស្ករត្នោត និងការទទួលសេវាកម្មផ្នែកម្ហូបអាហារគ្មានសារធាតុគីមីសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រួមទាំងប្រែក្លាយភ្នំក្រាំងដីមាស ឲ្យទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ។ នេះបើយោងតាមការអោយដឹងពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តទទួលបន្ទុកផ្នែកទេសចរណ៍។

លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងទៅកាន់អ្នកភូមិថា គោលបំណងដែលអាជ្ញាធរខេត្តចង់បាន គឺចង់ឲ្យអ្នកភូមិអណ្តូងឬស្សីប្រែក្លាយខ្លួនដោយចេះរួសរាយទទួលរាក់ទាក់ជាមួយភ្ញៀវទេសចរណ៍ ចេះចិញ្ចឹមមាន់ទា ដាំដំណាំ និងបន្លែរួមផ្សំដែលមិនមានប្រើសារធាតុគីមី ថែរក្សាបរិស្ថានជុំវិញលំនៅដ្ឋានរបស់ពួកគាត់ឲ្យបានល្អ។

បន្តបង្កើន និងថែរក្សានូវកេរ្ត៍ដំណែលដូនតាយើងដូចជា ការស្មូនក្អមឆ្នាំងដោយដៃ ការផលិតស្ករត្នោតគ្មានជាតិគីមី ថែរក្សាដើមត្នោតនិងដាំបន្តព្រោះដើមត្នោតដែលដុះតាមវាលស្រែគឺជាទស្សនីយ ភាព មួយល្អឯកទាំងរដូវប្រាំងក៏ដូចជារដូវវស្សា អាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យចូលមុខផ្ទះសិនណានៅក្នុងភូមិឋានរបស់យើងផងដែរ ដោយសារតែនៅប្រទេសគេ គឺគេមានហើយនូវអគារទំនើបខ្ពស់ៗ តែគេមិនមានតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិច្រើនដូចប្រទេសយើងនោះឡើយ។

ចំពោះភ្នំក្រាំងដីមាសវិញ ក៏ជាគោលដៅចំបងរបស់អាជ្ញាធរខេត្តដែរ ដើម្បីប្រែ ក្លាយភ្នំមួយនេះទៅជាតំបន់ទេសចរណ៍ជាមួយភូមិអណ្តូងឬស្សី ព្រោះភ្ញៀវទេសចរណ៍ គាត់អាចឡើងទៅលើកំពូលភ្នំទស្សនារាងរៅ និងទិដ្ឋភាពរបស់ទីក្រុងកំពង់ឆ្នាំងទាំងមូល ក៍ដូចជាមើលឃើញនូវផ្ទៃទន្លេ សាប ចំការដើម ត្នោត និងវាលស្រែដ៍ធំល្វឹងល្វើយបានយ៉ាងស្រស់ត្រកាលផងដែរ។

លោក សេង សាលី ប្រធានមន្ទីរទេស ចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងថា ផ្ទះគំរូសំរាប់ធ្វើបទបង្ហាញដល់ភ្ញៀវ មានចំនួន២រួចហើយ ដែលសព្វថ្ងៃកំពុងដំណើរការ តែគោលបំណងរបស់អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍គឺចង់ពង្រីកថែមទៀតដើម្បីរកប្រាក់ចំណូលជូនអ្នកភូមិអណ្តូងឬស្សី ក្នុងការកាត់ បន្ថយការចំណាកស្រុក របស់ពួកគាត់។

លោកពូ មាស ភិន ជាអ្នកភូមិអណ្តូងឬស្សី និងពលរដ្ឋ នៅក្នុងភូមិអណ្តូងឬស្សីជាច្រើននាក់បានសាទរចំពោះគំរោងអភិវឌ្ឍរបស់អាជ្ញាធរខេត្ត និងបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ហើយបានត្រៀមសហការ ជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ដើម្បីប្រែ ក្លាយតំបន់នេះ អោយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិក្នុងពេលខាងមុខដ៏ឆាប់នេះ៕