(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ជូនដល់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ត្រូវខិតខំបន្តប្រឹងប្រែង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

តាមសេចក្តីណែនាំនេះ មានខ្លឹមសារថា ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខ្ញុំសូមណែនាំ ដល់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត សូមមានវិធានការចាត់អនុសាខាតាមស្រុក ក្រុមកាកបាទក្រហមកម្ពុជា តាមឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា តាមភូមិនីមួយៗយកចិត្តទុកដាក់ ពិនិត្យមើលការខ្វះខាត ផ្នែកជីវភាពរបស់ប្រជាជនងាយរងគ្រោះ មានជាអាទិ៍ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ នៅតាមភូមិ-ឃុំ-ស្រុក ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន និងសូមធ្វើការដោះស្រាយឱ្យអស់លទ្ធភាព និងបានឆាប់ជាទីបំផុតផ្គត់ផ្គង់អង្ករ មី ត្រីខ ជូនគ្រួសារខ្វះខាតទាំងនោះ ឱ្យស្របតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំងខិតខំធ្វើការ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលតែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការអប់រំផ្សព្វផ្សាយ ពីវិធីការពារជំងឺកូវីដ១៩ បំពេញបានយ៉ាងសក្តិសមតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹមយ៉ាងមុតមាំថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងរួមកម្លាំង ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យបានជោគជ័យទាំងបញ្ហាសុខភាព ទាំងបញ្ហាសុវត្ថិភាពស្បៀង ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាទីស្រឡាញ់របស់យើង៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត៖