(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការបន្ថែមសំដៅ ជួយវិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកកំពុងបន្ដបង្កើនផលប៉ះពាល់វិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា។

វិស័យកាត់ដេរដែលពីមុន រងផលប៉ះពាល់ខ្វះវត្ថុធាតុដើម ដើម្បីផលិត ឥឡូវនេះបានជួបបញ្ហាប្រឈមថ្មីទៀត ដែលមានលក្ខណៈធ្ងន់ធ្ងរជាងមុន គឺភាពមិនមានតម្រូវការទំនិញ ពីទីផ្សារធំៗដែលជំងឺកូវីដ១៩ កំពុងតែបន្ដរាលត្បាតពិសេសនៅអឺរ៉ុប និងអាមេរិក។ ទន្ទឹមនឹងនេះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់កាន់តែខ្លាំងឡើង ដោយសារតែការភ័យខ្លាច ទូទៅរបស់ប្រជាពលរដ្ឋ និងការដាក់ចេញនូវវិធានការបន្ថែម របស់រដ្ឋាភិបាលនៃប្រទេសនានា ដែលរឹតត្បិតដល់ការធ្វើដំណើរ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ឆ្លើយតបនឹងសភាពការណ៍ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ នូវវិធានការអន្ដរាគមន៍បន្ថែមជុំទី៣ ដើម្បីរួមចំណែកជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្មក៏ដូចជា ការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត។ វិធានការដែលរាជរដ្ឋាភិបាល ដាក់ចេញមានចំនួន ៩ចំណុច ដូចក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖