(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ប្រគល់ជូនគណៈកម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន ដើម្បីប្រើប្រាស់ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩។

នៅថ្ងៃដដែលនេះដែរ មានសប្បុរសជនផ្សេងៗទៀត ដែលបានចូលរួមយកអំណោយមកប្រគល់ជូនគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ចាម មានថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវិដ១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើសកម្មភាព អប់រំផ្សព្វផ្សាយ វិធានការអនាម័យ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំ អ្នកចំណូលស្រុកឲ្យមានការស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនាពេលបច្ចុប្បន្ននេះ៕