(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ខូចខាតផ្ទះសំបែងចំនួន ២៧គ្រួសារ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។

លោក ប៉ែន កុសល្យ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចប្រធានតែង បានយកចិត្តទុកដាក់គិតគូរ ជានិច្ចអំពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានសំដែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដែលបានធ្វើឲ្យផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋដែល ទទួលរងការខូចខាត។ ទន្ទឹមគ្នានោះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះបញ្ហានេះ ព្រោះថាអាកាសធាតុមានការប្រែប្រួលមិនទៀងទាត់ដែលតែងតែបណ្តាលឲមានភ្លៀងធ្លាក់កក់ខែ លាយឡំដោយ ខ្យល់កន្រ្តាក់ មកយាយីលើផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់បងប្អូនគ្រប់ពេលវេលា ដូច្នេះហើយសូមឲបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខណៈមានភ្លៀងធ្លាក់ម្តងៗ។

អំណោយដែលត្រូវចែកជូននៅពេលនេះ គឺពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវបញ្ហាខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ពិតមែនតែចំនួនតិចតូច ប៉ុន្តែអាចជួយបងប្អូនកាត់បន្ថយការលំបាក បានមួយគ្រាៗផងដែរ។ក្នុងនោះមួយគ្រួសារៗទទួលបានឃីតមួយកញ្ចប់ ភួយ១ ទឹកត្រីទឹកស៊ីអីវ១យួរ មី១កេស អង្ករ២៥គីឡូក្រាម នឹងថវិការមួយចំនួនដើម្បីជួយសម្រួល នូវការលំបាកខ្វះខាតរបស់បងប្អូនផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៩.០០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ មានករណីភ្លៀងផ្គរលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះ ២៧ខ្នង របស់ប្រជាពលរដ្ឋនៅភូមិត្នោត សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង រងការខូចខាត ក្នុងនោះ មានរលំទាំងស្រុង៣ខ្នង ធ្លាក់ពីលើជើងតាង៥ខ្នង របើកដំបូល១៩ខ្នង និងបណ្តាលឲ្យមនុស្ស៥នាក់រងរបួសផងដែរ៕