(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ​ចុះជួយ​ស្រុកថ្មគោល តំណាងឲ្យលោក នឹម ថូត ប្រធានក្រុមការងារ​ចុះជួយស្រុក​ថ្មគោល នៅព្រឹក ថ្ងៃទី៧ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦) ដោយមានការ​អញ្ជើញចូលរួមពីលោក អ៊ូច អ៊ាង  ប្រធានគណៈបក្សប្រជាជនស្រុក និងជាប្រធានក្រុមប្រឹក្សា ថ្មគោលដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ក្នុងថ្មគោលចូលរួមផងដែរ។

លោក សួស អង្គារ៍  និងសមាជិកទាំងអស់នៅស្រុកថ្មគោលប្រកាសប្តេជ្ញាគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំនាវាកម្ពុជាកាន់តែរីកចំរើនទៅមុខ។

លោក សួស អង្គារ៍ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ចំពោះ ថ្ងៃ៧ មករា  កុំឲ្យមានការយល់ច្រឡំ ឬចាញ់បោកការឃោសនាផ្សេងៗ របស់ជនអគតិមួយចំនួនដែលតែងតែឃោសនាបោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកថ្មគោលយើង។

លោក សួស អង្គារ៍ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីស្រុកថ្មគោលមួយនេះ ធ្វើយ៉ាងណា ជួយថែរក្សានូវសមិទ្ធផល ដែលបានកសាងរួច និងដើម្បីជួយការងារសុខមាលភាពឲ្យប្រជាពលរដ្ឋក្នុងស្រុកមាន សុខភាពល្អន ឲ្យសក្តិសមជាស្រុកជង្រុកស្រូវមួយនៃខេត្តបាត់ដំបងយើងផងដែរ។

លោកបានបញ្ជាក់ទៀតថា ចាប់តាំងពីមានមូលនិធិសម្តេចក្រឡាហោម ស ខេង មក ក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំចំនួន២ គឺឃុំតាម៉ឺននិងឃុំអូរតាគី លោកតែងតែចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនាំសម្ភារៈ ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ចែកជូនដល់ស្រ្តីសម្រាលកូននិងអ្នកមរណៈភាពជារៀងរាល់ខែកន្លងមកដល់បច្ចុប្បន្នដោយមិនប្រកាន់និន្នាការបក្សនយោបាយណាមួយឡើយ។ ដោយបានប្រាប់ថ្នាក់ដឹកនាំសាខាបក្សឃុំ ភូមិ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋទូទៅក្នុងភាពស្និទ្ធស្នាលបំផុត។

លោកបានបន្តថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើងគ្រប់គ្នា ដែលមិនអាចបំភ្លៃការពិតឡើយ បើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ទេ គឺគ្មានអ្វីៗទាំងអស់រហូតដល់សព្វថ្ងៃនេះឡើយ។

នៅក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានចែកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ដល់អ្នកចូលរួមមានចំនួន៣៨៥នាក់ក្នុងម្នាក់ៗបានទទួលបាន១ម៉ឺនរៀល។
នៅក្នុងឱកាសនោះដែរ លោក លី ឌីនូរី ប្រធានយុវជនគណបក្សប្រជាជនស្រុកថ្មគោលបានជូនកុំព្យូទ័រលើតុ១កំប្លេរដល់ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកថ្មគោលដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ការងារបក្សស្រុកផងដែរ។