(ប៉ោយប៉ែត)៖ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពការទទួល និងសួរសុខទុក្ខពលករ មកពីប្រទេសថៃ តាមច្រកព្រំ ខេត្តប៉ៃលិន ច្រកដូង ខេត្តបាត់ដំបង និងមណ្ឌលសំចតប៉ោយប៉ែត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លោក ញឹក វណ្ណារ៉ា បានឲ្យដឹងថា ការចុះពិនិត្យតាមដាន និងសួរសុខទុក្ខពលករមកពីថៃ នាពេលនេះ គឺដើម្បីពង្រឹងការចេញចូល និងប្រមូលផ្តុំពីសំណាកបងប្ងូន ដែលបានធ្វើដំណើរពីប្រទេសថៃ ស្របពេលដែលពិភពលោក កំពុងតែរងគ្រោះដោយសារតែ វីរុសកូវីដ១៩ (COVID-19)។

សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច នាពេលនេះ ធ្វើឡើងដោយផ្អែកតាមរបាយកាណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩(COVID-19) របស់អង្គការសុខភាពពិភពលោក (WHO) និងតបតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមានវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ១៩ (COVID-19) និងក្នុងការពង្រឹងការអនុវត្តសេចក្តីណែនាំរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ (COVID-19)។

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៨ ខែមេសានេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ចំនួនអ្នកជាសះស្បើយ ដោយវីរុសកូវីដ១៩ នៅកម្ពុជា បានកើនឡើង រហូតដល់៥៨នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់៕