(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរប្រមាណ២៤៤នាក់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បាននាំគ្នាចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងក្រុងសំរោង។ តែដោយសារនៅព្រឹកថ្ងៃនេះ អាជ្ញាធរថៃសម្រេចបិទច្រកព្រំដែនមិនឱ្យមនុស្សឆ្លងព្រំដែននោះ ធ្វើឱ្យការពលករទាំងនេះត្រូវបានឃាត់ខ្លួនមួយរយៈនៅព្រំដែន។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យអាជ្ញាធរជួយអន្តរាគមន៍ទៅភាគីថៃ និងសុំបើកផ្លូវឱ្យពលរដ្ឋខ្មែរទាំង ២៤៤នាក់នោះមកចូលមកប្រទេសកម្ពុជា។ ក្រោយអន្តរាគមន៍នេះ អាជ្ញាធរថៃ ក៏បានយល់ព្រមបើកទ្វារឱ្យពលករខ្មែរទាំងនោះចូលមកកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បន្ទាប់ពីបានទទួលចូលមកដល់ប្រទេសកម្ពុជា ពលរដ្ឋខ្មែរទាំង២៤៤នាក់នេះ ត្រូវបានត្រួតពិនិត្យសុខភាពបឋមស្វែងរកជំងឺកូវីដ១៩ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ពលរដ្ឋទាំង២៤៤នាក់ មិនមាននរណាម្នាក់មានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។

ក្រៅពីពិនិត្យសុខភាពហើយ អាជ្ញាធរ និងក្រុមការងារនៅច្រកព្រំដែន ក៏បានអប់រំពលករទាំងនោះពីវិធានការថែទាំសុខភាពពេលត្រឡប់ទៅផ្ទះវិញ ជាពិសេសត្រូវដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ និងត្រូវទាក់ទងជាមួយអាជ្ញាធរក្នុងភូមិ ដើម្បីផ្តល់ព័ត៌មានពីសុខភាព។ បន្ទាប់ពីអប់រំអាជ្ញាធរ និងក្រុមការងារក្នុងខេត្ត បានរៀបចំចាត់ចែងពលករទាំង២៤៤នាក់នោះ ឱ្យទៅកាន់ស្រុកកំណើតរៀងៗខ្លួន។

សូមបញ្ជាក់ថា អភិបាលខេត្តសុរិន្ទ បានជូនដំណឹងមកកម្ពុជាថា ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះទៅ គេលែងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរឆ្លងព្រំដែនរវាងខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទទៀតហើយ៕