(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានទទួលអំណោយជាសម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់បម្រើឲ្យការងារ ឆ្លើយតបនឹងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលវៀតណាម និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលសម្ភារ និងបរិក្ខារវេជ្ជសាស្រ្តនេះ មានការអញ្ជើញចូលរួមពីលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សានៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាតំណាងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

សម្រាប់សម្ភាររបស់រដ្ឋាភិបាលវៀតណាម មានដូចជា៖

១៖ ម៉ាស់វេជ្ជសាស្ត្របីស្រទាប់ ចំនួន២៤ម៉ឺន
២៖ អាវពាក់ការពារ ចំនួន១០០០សម្រាប់
៣៖ ម៉ាស់វេជ្ជសាស្ត្របីស្រទាប់ប្រឆាំងបាក់តេរី និងតំណក់តូចៗចំនួន១០ម៉ឺនម៉ាស់
៤៖ ឧបករណ៍ធ្វើតេស្តរកមេរោគ ចំនួន១គ្រឿង និងគ្រឿងបន្ទាប់បន្សំពីរមុខ
៥៖ កញ្ចប់តេស្តចំនួន ៧,១៥០កញ្ចប់។

សម្រាប់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានផ្តល់នូវអាវពេទ្យ សម្រាប់ការពាមេរោគចំនួន ៧,៩០០ឈុត និងថ្នាំបុរាណចិនចំនួន៨០០កញ្ចប់ សម្រាប់បម្រើឲ្យការងារឆ្លើយតបនឹងជំងឺកូវីដ១៩។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ឧបករណ៍ទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

ជំនួយមនុស្សធម៌របស់ប្រទេសទាំងពីរនេះ គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាព បច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។

ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជា។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាប្រទេសជាមិត្តនេះ នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ថ្មី មានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់៦៣នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់៕