(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីស្ថានភាពប្រទេសកម្ពុជា កំពុងជួបវិបត្តិនៃការរីករាលវីរុស COVID-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល មិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារទទួលទានជាដាច់ខាត។

តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេស បែបណាក៏ដោយ។ នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រី ទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះ កាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែ ចំពោះអង្ករក្រអូប ដែលមានកុងត្រនាំចេញទៅប្រទេសចិនជាមិត្ត គឺនៅដំណើរការធម្មតា»

ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី បានឱ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដប សម្រាប់ជួយប្រជាពលរដ្ឋផងដែរ ដូច្នេះ ទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរ ត្រូវតែមានស្បៀងអាហារទទួលទានដែរ៕