(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចុះសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅសាលប្រជុំសន្និសីទ សាលាខេត្តកំពត ដោយមានការចូលរួម ពីសំណាក់ជួរថ្នាក់ដឹកនាំ និងមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។

ក្នុងការសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងទាំងនោះ លោក ជាវ តាយ បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះលទ្ធផលការងារដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នារយៈពេលកន្លងមក តែងតែបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ បង្ការ និងទប់ស្កាត់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។ ដោយក្នុងនោះសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

ពិសេសក្នុងស្ថានការណ៍ប្រទេសជាតិ ដែលកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងបានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ ដ៏កាចសាហាវនេះ តាមរយៈយុទ្ធនាការផ្សព្វផ្សាយជាសារសម្លេង របស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យ សុខភាព ការត្រៀមបម្រុង កន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករ ដែលវិលត្រឡប់មកពីប្រទេសជិតខាងនិងការចូលរួមអនុវត្តន៍ សកម្មរបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្ថែមទៀត ពិសេសត្រូវចូលរួមនឹងខិតខំឲ្យបានសកម្មក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តឲ្យមានលក្ខណៈល្អប្រសើរឡើង។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានជូនថវិកា ដល់តំណាងអង្គភាពកងកម្លាំងទាំងបី ដើម្បីជាការតបស្នង គុណតម្លៃការងារ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សរុបចំនួន៤៤,៤៥០,០០០រៀល រួមមាន៖

*ទី១៖ កងកម្លាំងនគរបាលខេត្តមានចំនួន៦១៨ ក្នុងម្នាក់៥០០០០រៀល សរុបថវិកា ស្មើនឹង៣០,៩០០,០០០រៀល ដោយមានការចូលរួមបដិភាគពី ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនរគបាលខេត្ត ៥០% ស្មើនឹង ១៥,៤៥០,០០០រៀល។

*ទី២៖ កងកម្លាំងអាវុធហត្ថខេត្តចំនួន៨៨នាក់ ក្នុងម្នាក់ៗ ៥០០០០រៀល សរុបថវិកា ស្មើនឹង ៤,៤០០០,០០០រៀល ដោយមានការចូលរួមបដិភាគពី ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ៥០% ស្មើនឹង ២,២០០,០០០រៀល។

*ទី៣៖ កងកម្លាំងប្រតិបត្តិការសឹករងខេត្ត ចំនួន១៨៣នាក់ ក្នុងម្នាក់ៗ ៥០០០០រៀល សរុបថវិកាស្មើនឹង ៩,១៥០,០០០រៀល ដោយមានការចូលរួមបដិភាគ១០០% ពីលោក ហុក ចិន្តា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត៕