(​សេ​អ៊ូ​ល​)៖ ប្រទេស​កូរ៉េខាងត្បូង បាន​សើចចំអក​ទៅលើ​សមត្ថភាព​នៃ​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​(hydrogen bomb) របស់​ប្រទេស​កូរ៉េខាងជើង ដោយ​បញ្ជាក់​ថា ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​នេះ មិន​បាន​ចេញពី​មូលដ្ឋាន​របស់​គ្រាប់បែក​អ៊ីដ្រូសែន​នោះទេ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់សារ​ព័ត៌មាន Yonhap News ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៦​។​

​យោធា​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា​៖ «​វា​ជា​រឿង​ដែល​ពិបាក​ក្នុង​ការជឿជាក់​ទៅ​លើ​សេចក្តីប្រកាស​នេះ​ណាស់​»​។ មន្ត្រី​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា​៖ «​មាន​តែ​ប្រទេស​ពីរ​បី​តែប៉ុណ្ណោះ ក្នុងនោះ​រួមមាន​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី ដែល​អាច​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន​នេះ​បាន ហើយ​កម្លាំង​នៃ​ការ​បំផ្ទុះ​មាន​ប្រហែលជា​ពី​២០ ទៅ​៥០ Megatons​។ ចំណែក​គ្រាប់បែក​របស់​រដ្ឋាភិបាល​ក្រុង ព្យុង​យ៉ាង មាន​កម្លាំង​ត្រឹមតែ ៦​គីឡូតោន​តែប៉ុណ្ណោះ ដែល​វា​ខ្សោយ​បំផុត​ក្នុង​ការ​ចាត់ទុកថា​វា​ជា​គ្រាប់បែក​អ៊ីដ្រូសែន​»៕