(សៀមរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានទទួលអំណោយ ទឹកអាកុល, ម៉ាស់, គ្លីសេរីនចំនួន, ទឹកអុកស៊ីសែនណេ ពីក្លិបអាជីវកម្មកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា៖ ការចូលរួមចំណែករបស់សប្បុរសជន នៃក្លិបអាជីវកម្មកម្ពុជា សម្រាប់ថ្ងៃនេះ ខាងមន្ទីរសុខាភិបាលទទួលបាន អាកុលចំនួន ២០កាន ក្នុង១កាន ចំណុះ ៣០លីត្រ, ម៉ាស់ ៥០ប្រអប់, គ្លីសេរីនចំនួន ២៥ដប, ទឹកអុកស៊ីសែនណេ ៦០ដុំ, យកមកដែលគិតជាទឹកប្រាក់ មានចំនួនប្រមាណ ១០លានរៀល។

លោក ប៉ុន បញ្ញា តំណាងក្លិបអាជីវកម្មកម្ពុជា បានឱ្យដឹងថា មូលហេតុដែលលោក នាំយកសម្ភារៈទាំងនេះ មកផ្តល់ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមើលឃើញថា ប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក បានកំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះក្នុងនាមប្រជាពលរដ្ឋកម្ពុជា គឺជួយចូលរួមចំណែកជាមួយរដ្ឋាភិបាល តាមរយៈការផ្តល់សម្ភារ ដូចជា អាកុល និងម៉ាស ដល់មន្ទីរសុខាភិបាលខេត្តសៀមរាប យកទៅប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបន្តថា ក្រៅពីការផ្តល់សម្ភារ ដូចជា អាកុល និងម៉ាស ដល់មន្ទីរសុខាភិបាលខេត្តសៀមរាប នាពេលនេះ ក្លិបអាជីវកម្មកម្ពុជា ក៏បានផ្តល់សម្ភារៈទាំងនេះ ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ និងក៏មានគម្រោងរៀបចំស្បៀងអាហារ យកទៅចែកជូនដល់ពលរដ្ឋណា ដែលមកពីប្រទេសថៃ ហើយត្រូវបានដាក់ នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃផងដែរ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណនូវទឹកចិត្តដ៏សប្បុរសរបស់ ក្លិបអាជីវកម្មកម្ពុជា ដែលបានបរិច្ចាគនូវសម្ភារៈ បរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ នៅកម្ពុជា។ លោកថា រាល់សម្ភារៈទាំងនេះ មន្ទីរ នឹងយកទៅបែងចែកដល់មន្ត្រីពេទ្យប្រើប្រាស់ក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕