(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងផ្តល់ប្រាក់បំណាច់ការងារ ជូនមន្ត្រីចូលនិវត្តន៍ចំនួន៤៨រូប សំរាប់មន្ត្រីក្នុងជំហានទី១ ឆ្នាំ២០២០។

មន្រ្តីដែលបើកប្រាក់បំណាច់ចូលនិវត្តន៍ របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃ០៨ខែមេសានេះ មានចំនួន៤៨នាក់ ដែលបានបញ្ចប់ភារកិច្ច ក្នុងខែមករា ឆ្នាំ២០២០ លើចំនួន១៥៧នាក់ ដែលនិវត្តន៍ជន និងពិការក្នុងឆ្នាំ២០២០ ។ មន្ត្រីនៅសល់នឹងត្រូវបញ្ចប់ភារកិច្ច ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២០នេះ ហើយនឹងទទួលប្រាក់បំណាច់ការងារដូចគ្នានេះ បន្ទាប់ពីត្រួតពិនិត្យរដ្ឋបាលរួចរាល់។

លោក ហេង រតនា បានឲ្យដឹងថា តាងនាមថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកអង្គភាពស៊ីម៉ាក់ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់បញ្ជូលមន្រ្តី ដែលចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ ទៅក្នុងក្របខណ្ឌក្រសួងការពារជាតិ និងសូមគោរព ថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ដែលបានជំរុញ និងសម្រួលក្នុងការដាក់មន្រ្តីចូលនិវត្តន៍ របស់អង្គភាពស៊ីម៉ាក់ ចូលក្នុងក្របខណ្ឌក្រសួងការពារជាតិ ប្រយោជន៍ដើម្បីទទួលរបបសោធន។

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានដាក់មន្រ្តីបុគ្គលិកដែលចូលនិវត្តន៍ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិ ជាបន្តបន្ទាប់បានចំនួន០៣វគ្គ មានចំនួន៦៩៥នាក់។

លោក ហេង រតនា ក៏បានផ្តាំផ្ញើជាថ្មី ជូនបងប្អូនជាមន្ត្រីចូលនិវត្តន៍ សូមឱ្យមានស្មារតីយកចិត្តទុកដាក់ ក្នុងការខិតខំកសាងជីវភាពរស់នៅឱ្យល្អ ក្រោយធ្វើសមាហរណកម្មចូលសហគមន៍វិញ និងពិសេសធ្វើគំរូជាពលរដ្ឋល្អ និងបន្តចូលរួមការងារសង្គម ហើយក្នុងដំណាក់កាល នៃសង្គ្រាមប្រឆាំងនឹងកូវីត១៩នេះ សុំគោរពខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ម្ចាស់ការ ក្នុងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល «បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ ត្រូវរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការប្រយុទ្ធនឹងខ្មាំងលាក់មុខ គ្មានមេត្តាប្រហារមិនរើសមុខ កូវីត១៩នេះ ឱ្យបានជោគជ័យ»