(តួកគី)៖ ក្រុមហ៊ុនអាកាសចរណ៍ឯកជន ចំនួន២របស់ប្រទេសតួកគី គឺក្រុមហ៊ុន Pegasus Airlines និង Onur Air បានផ្អាកជើងហោះហើរ ទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីទិដ្ឋាការថ្មីត្រូវបានរឹតបន្តឹង ដោយរុស្ស៊ីបានចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី០១ ខែមករាកន្លងមក នេះបើតាមព័ត៌មាន RT News របស់រុស្ស៊ី ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីមានការរឹតបន្តឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ បានអះអាងថា សហសេវិកនៃជើងហោះហើររបស់ខ្លួន មិនអាចសុំទិដ្ឋាកាបាននោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ Pegasus បានឲ្យដឹងថា ក្រុមអ្នកធ្វើដំណើរ ដែលគ្រោងនឹងធ្វើការហោះហើរ ទៅកាន់ប្រទេសរុស្ស៊ី នៅមុនថ្ងៃទី១៣ ខែមករា អាចមកទទួលយកប្រាក់វិញបាន ខណៈក្រុមហ៊ុន Onur Air បានឲ្យដឹងថា ខ្លួននឹងផ្អាកការហោះហើរ ទៅកាន់ប្រទេសរុស្ស៊ី រហូតដល់ថ្ងៃទី១៤ ខែមករា។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Pegasus តែងតែធ្វើការហោះហើរផ្ទាល់ ទៅកាន់រដ្ឋធានី Moscow និងទីក្រុង Krasnodar របស់រុស្ស៊ី ខណៈក្រុមហ៊ុន Onur Air ធ្វើការហោះហើរទៅកាន់ទីក្រុង Nalchik របស់រុស្ស៊ី៕