(កណ្តាល)៖ បុរសជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ លើកកូនស្រីរបស់ខ្លួន ខណៈប្រពន្ធទើបឆ្លងសម្រាលកូន បាន១ខែប៉ុណ្ណោះ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនល្មើសឈ្មោះ អឿន សំអុន ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាឪពុកចុង ត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើកូនស្រីចុង ឈ្មោះ មាស ករុណា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ដំណើររឿងថា នៅថ្ងែទី៥ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង៩៖០០នាទីយប់ ឈ្មោះ មាស ករុណា (កូនស្រី) បានចូលដេកនៅក្នុងបន្ទុប់តែម្នាក់ឯង ចំណែកឈ្មោះ អឿន សំអុន (ជនល្មើស) បានដេកនៅខាងក្រៅបន្ទុប់ជាមួយប្រពន្ធខ្លួន ដែលទើបកូនខ្ចីបាន១ខែ។ មួយសន្ទុះក្រោយមកឈ្មោះ អឿន សំអុន បានទៅគោះទ្វារបន្ទប់ ដេករបស់កូនស្រី ពេលនោះកូនស្រីមកបើកទ្វារ មើលឃើញ ឪពុកចុងនៅក្បែរទ្វារហើយ ចូលដេកវិញ។

លុះដល់វេលាម៉ោង១ រំលងអាធ្រាត្រនា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ឈ្មោះ អឿន សំអុន បានទៅគោះទ្វារបន្ទុប់ដេក របស់កូនស្រីម្តងទៀត កូនស្រីបានស្រែកសួរពីក្នុងបន្ទប់ថា អ្នកណាគេគោះទ្វារ ហើយក្រោកមក បើកទ្វារក៏ឃើញឪពុកចុង ឈរនៅក្បែរបន្ទប់ ដោយកាន់កាំបិតខ្វែវ ដើរចុះដើរឡើង កូនស្រីបានចូលដេកវិញ។ បានមួយសន្ទុះឮសូរគោះទ្វារម្តងទៀត ម្តាយរបស់កូនស្រីឃើញ បានសួរថា «ឯងទៅគោះទ្វារ កូនធ្វើអីយប់ជ្រៅហើយហ្នឹង ឯងចង់ជាប់គុកឬ?» បន្ទាប់មកកូនស្រីបានទៅចូល ដេកជាមួយជីដូនខ្លួន។ ដល់វេលាម៉ោង០៦៖៣០នាទីព្រឹក ទើបកូនស្រីបានដើរចូលទៅក្នុង បន្ទប់របស់ខ្លួនវិញ ដើម្បីផ្លាស់ខោអាវស្រាប់តែឈ្មោះ អឿន សំអុន ចូលទៅចាប់អោបកូនស្រី ពីក្រោយរួចនិយាយថា «ធើម៉ែមិនកើតធើកូនវិញ» ពេលនោះកូនស្រី បានស្រែករត់ចេញមកក្រៅបន្ទប់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះកូនស្រី និងម្តាយមកដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ អឿន សំអុន សុំអនុវត្តតាមច្បាប់។ បន្ទាប់មកសមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ អឿន សំអុន ដើម្បីអនុវត្តតាមនីតិវិធី៕