(ត្បូងឃ្មុំ)៖ លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន២០ម៉ឺនរៀលក្នុងមួយខែ សម្រាប់រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក វ៉ាន់ វីរៈ លើកឡើងថា ការចូលរួមនេះគឺជាទឹកចិត្តពិត និងតាមលទ្ធភាពដែលមានសម្រាប់ចូលរួមជួយសង្គមនាពេលវេលាដ៍សំខាន់នេះ ក្នុងនាមជាមន្ត្រីរាជការ និងជាពលរដ្ឋខ្មែរមួយរូប។

លោកបន្ថែមថា ការចូលរួមជួយបរិច្ចាគថវិការ និងសម្ភារទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាព ដោយផ្តើមចេញពីយើងម្នាក់ៗ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប គឺជាពេលដ៏ចាំបាច់រួមសាមគ្គីគ្នា សម្រាប់សង្គមជាតិយើង កំពុងត្រូវការនាដំណាក់កាលនេះ។ ដូចពាក្យគេតែងលើកឡើងថា «ស្គាល់មិត្តពិតក្នុងគ្រាក្រ ស្គាល់ទឹកចិត្តល្អក្នុងគ្រាលំបាក»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕