(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺកូវីដ១៩ បើទោះបីជាការចម្លងជំងឺនេះនៅក្នុងប្រទេសកម្ពុជាមិនមានសភាពស្រួចស្រាវក៏ដោយនោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មានមុខព្រួញចំនួន៣ ដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រួមមាន៖ ទប់ស្កាត់មិនឱ្យចម្លងពីខាងក្រៅ, ទប់ស្កាត់មិនឱ្យមានការចម្លងបន្តនៅក្នុងប្រទេស និងព្យាយាមព្យាបាលអ្នកឈឺឱ្យជាសះស្បើយ។

មកដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១៥នាក់ តែអ្នកឆ្លងចំនួន ៥៨នាក់ បានព្យាបាលជាសះស្បើយ ហើយ ៥៧នាក់ផ្សេងទៀតកំពុងទទួលការព្យាបាល។ ការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មិនមាសភាពធ្ងន់ធ្ងរដូចបណ្តាប្រទេសដទៃនោះទេ រួមទាំងអាមេរិក និងអឺរ៉ុបផងដែរ ដែលចំនួនអ្នកឆ្លងរាប់សិបម៉ឺននាក់ និងស្លាប់រាប់ម៉ឺននាក់។

បើទោះបីថាកម្ពុជា បានធ្វើសកម្មភាពទប់ស្កាត់មិនឱ្យមានការឆ្លងរីករាលដាលខ្លាំងយ៉ាងណាក្តី តែកម្ពុជានៅតែបន្តយកចិត្តទុកដាក់ទៅលើ ការទប់ស្កាត់ការចម្លងជំងឺកំពុងរាតត្បាតពិភពលោកមួយនេះ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មានស្តីពីវិធានការដោះស្រាយបញ្ហាបង្កឡើង ដោយជំងឺកូវីដ១៩នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវនិយាយដល់ការប្រយុទ្ធបន្តរបស់យើង។ តើយើងកំពុងប្រយុទ្ធរបៀបម៉េចនៅពេលនេះ? ខ្ញុំអាចនិយាយជារបៀបយោធា ប៉ុន្តែវាជាវិស័យវេជ្ជសាស្ត្រ។ សព្វថ្ងៃនេះយើងកំពុងបន្តប្រយុទ្ធលើមុខព្រួញ៣ក្នុងពេលតែមួយ»

ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើមុខព្រួញទាំងនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានសម្រេចមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ១៥០នាក់ នៅប្រទេសម៉ាឡេស៊ីវិលចូលស្រុក ព្រោះបារម្ភពួកគេនាំជំងឺមកជាមួយ។ សម្តេចតេជោ សម្រេចផ្អាកមិនឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយ ដើម្បីការបន្ថយការជួបជុំ និងបង្ការការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្ស។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យយកចិត្តទុកដាក់ផ្តល់សារអប់រំដល់ប្រជាពលរដ្ឋ និងស្នើពលរដ្ឋបន្តអនុវត្តន៍វិធានអនាម័យទាំងឡាយតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យមានការចម្លង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីវិធានការនានា ដូចជាត្រៀមបម្រុងទុកនូវម៉ាសប្រមាណ ១០លានម៉ាស សម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥០ម៉ឺនម៉ាស់ ដោយធានាមិនឱ្យក្រុមគ្រូពេទ្យខ្វះសម្ភារក្នុងការព្យាបាលអ្នកជំងឺ ឬប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីវិធានការផលិតទឹកអាល់កុលសម្រាប់ស្តុកទុកសម្រាប់ប្រើប្រាស់រហូតដល់ ១លានលីត្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទព័ត៌មាននៅតែបន្តដោយទទូចដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងទប់ស្កាត់ការចម្លង និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ។

ក្នុងសន្និសីទនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យជួរមុខដែលបានខិតខំរួមគ្នា ប្រយុទ្ធនឹងជំងឺកូវីដ១៩៕