(ភ្នំពេញ)៖ គិតតាំងពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បី ១២គ្រឿង ដែលមានបំពាក់ដោយគ្រឿងបំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដល់បណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចំនួន២ខណ្ឌ សរុប១៤ខណ្ឌ ត្រូវបានបញ្ចប់យុទ្ធនាការរបស់ខ្លួនក្នុងជំហ៊ាន១រួចរាល់ និងត្រៀមចេញផ្សព្វផ្សាយសារឡើងវិញតាមបណ្តាខណ្ឌទាំ១៤ ក្នុងជំហាន២ជាបន្តទៀត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ខាងមុខតទៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយបានទទួលការអនុញ្ញាតពីនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានផ្សព្វផ្សាយនូវវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជម្ងឺឆ្លងកូវីដ-១៩ ដល់កម្លាំងក្រោមឱវាទទូទាំងរាជធានីអស់រយៈពេល ជាច្រើនថ្ងៃមក អាវុធហត្ថរាជធានីភ្នំពេញក៏បានរៀបចំ ម៉ូតូកង់បីរបស់ខ្លួនចំនួន ១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ បើកបរដោយកម្លាំងចំនួន ២៤នាក់ សហការជាមួយអាជ្ញាធរ មូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះផ្សេងៗទៀត ចុះធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណង ចូលរួមផ្សព្វផ្សាយ ឲ្យប្រជាជនមហាជន បានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ១៩ ទាំងអស់គ្នា តាមការអំពាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដូច្នេះបើទោះបីផែនការត្រូវបានបញ្ចប់ដោយជោគជ័យទៅហើយក្តី តែដើម្បីជាការពញ្ញាក់ស្មារតី ទើបអាវុធហត្ថរាជធានីភ្នំពេញ នឹងបន្តធ្វើការផ្សព្វផ្សាយឡើងវិញ នៅតាមបណ្តាមូលដ្ឋានខណ្ឌទាំង១៤ ជាជំហ៊ាន២បន្តទៀតផងដែរ៕