(ភ្នំពេញ)៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសមេ្រចពន្យារពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដោយត្រូវរៀបចំអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការសម្រេចពន្យារពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានការណ៍បច្ចុប្បន្ននៃការរីករាលដាលជាសកលមេរោគកូរ៉ូណា ឬកូវីដ១៩ (COVID-19) នៅតែជាក្តីបារម្ភសម្រាប់ប្រជាជាតិទូទាំងពិភពលោក ជាពិសេសដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគកូរ៉ូណា ឬកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានឯកសារគ្រប់គ្រាន់ មានសិទ្ធិចុះឈ្មោះបោះឆ្នោត។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គឺកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣៕