(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា អ្នកវិភាគខ្ល ដែលបញ្ចេញមតិមិនសមស្រប ពាក់ព័ន្ធការបង្កើតច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន គឺនិយាយឲ្យបាននិយាយប៉ុណ្ណោះ គ្មានយល់ស្ថានការណ៍អ្វីទេ។ ច្បាប់នេះប្រសិនបើមិនចាំបាច់ គឺមិនត្រូវប្រើនោះឡើយ ព្រោះខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិខ្លាំងណាស់។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មចំពោះអ្នកវិភាគដែលបញ្ចេញមតិមិនសមស្រប ពាក់ព័ន្ធការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលសម្ដេចបានបញ្ជាក់ត្រឡប់ទៅវិញថា សម្ដេចដឹងច្បាស់ណាស់ថា ប្រទេសកម្ពុជាមិនទាន់ដល់ពេល ត្រូវដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការបង្កើតច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន ដើម្បីឲ្យមានឧបករណ៍នៅក្នុងដៃ ត្រៀមនៅពេលដែលគ្រប់គ្រងស្ថានការណ៍លែងកើត។ សម្ដេចបានផ្ដាំថា មុននឹងថ្លែងយោបល់អ្វីមួយ ត្រូវរៀនស្គាល់របបគ្រប់គ្រងប្រទេសឲ្យបានច្បាស់បន្ដិច ជៀសវាងនិយាយទាំងងងឹតងងុល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាខ្លះថាយើងដាក់ច្បាប់ប្រកាសអាសន្ននេះ មិនទាន់ដល់ពេល។ ខ្ញុំដឹងតើថាមិនទាន់ដល់ពេល ក៏ប៉ុន្ដែប្រសិនបើដល់ពេលវាអត់មានច្បាប់ក្នុងដៃហែងធ្វើអី [...] បើគ្មានការចាំបាច់ គឺមិនប្រកាសទេ ព្រោះអញខ្លាចងាប់សេដ្ឋកិច្ចអញដែរ សូម្បីតែឥលូវនេះគេទុករោងចក្រឲ្យដើរ គេទុកផ្សារឲ្យដើរ គេទុកឲ្យមានចលនាប្រជាពលរដ្ឋគ្រាន់តែកាត់បន្ថយ ហើយរៀបចំវិធានការណ៍»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្រុមអ្នកបញ្ចេញមតិមួយចំនួនពាក់ព័ន្ធ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន គឺនិយាយឲ្យតែបាននិយាយតែប៉ុណ្ណោះ ហើយមានវិទ្យុបរទេសមួយដើម្បីផ្សាយបន្ទរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សេដ្ឋកិច្ចគ្រប់ប្រទេសទាំងអស់ នៅក្នុងពិភពលោកសុទ្ធតែមានផលប៉ះពាល់ ដោយសារជំងឺ COVID-19 ចំពោះកម្ពុជាក៏ដូចគ្នា ប៉ុន្តែកម្រិតនៃផលប៉ះពាល់មិនទាន់វាយតម្លៃបាន ហើយវិស័យឧស្សាហកម្ម និងសេវាកម្មរងផលប៉ះពាល់ខ្លាំង តែវិស័យកសិកម្មជាអ្នកទទួលផលខ្លាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ក្នុងសេចក្តីប្រកាសព័ត៌មានបង្ហាញពី លទ្ធផលនៃកិច្ចប្រជុំ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់បានពិនិត្យរួចរាល់ និងបញ្ជូនទៅសភាពិនិត្យ និងអនុម័តតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតី នៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទាន ដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»

សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា។ ជំពូកទី១ មានពីរមាត្រា និយាយពីបទប្បញ្ញត្តិទូទៅ ដែលបានចែងពីវត្ថុបំណង នៃការតាក់តែងច្បាប់នេះឡើង និងវិសាលនៃច្បាប់នេះ។

ជំពូកទី២ និយាយពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានពីមាត្រា, ជំពូកទី៣ និយាយពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន ដោយបានកំណត់លំអិតពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនរដ្ឋសភា និងព្រឹទ្ធសភា។ ជំពូកទី៣ មានពីរមាត្រាផងដែរ។

ជំពូកទី៤ មាន ៣មាត្រា និយាយពីទោសប្បញ្ញត្តិ។ ក្នុងជំពូកនេះ និយាយពីទោស ចំពោះការរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន, ទោសមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។

ដោយឡែកជំពូកទី៥ ដែលជាជំពូកចុងក្រោយ និយាយពីនរាករណ៍ និងការប្រកាសជាការប្រញាប់ នៃច្បាប់នេះ៕