(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមស្តុកបរិក្ខាពេទ្យជានិច្ច ដើម្បីធានាថាក្រុមគ្រូពេទ្យរបស់យើងមិនខ្វះខាតឡើយ ក្នុងការប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព។

សម្តេចបញ្ជាក់ហើយបញ្ជាក់ទៀតថា ដរាបណាគ្រូពេទ្យមិនអាចការពារ ឬគ្មានប្រដាប់ការពារខ្លួនបាន នឹងមិនឲ្យចូលទៅព្យាបាលអ្នកជំងឺកូវីដ១៩ទេ។ សម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងស្តុករាជរដ្ឋាភិបាលត្រូវមានម៉ាសយ៉ាងតិចបំផុត ១០លានម៉ាស ហើយខោអាវក្រុមគ្រូពេទ្យត្រូវមានក្នុងស្តុកយ៉ាងតិច ៥០០០ម៉ាស។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបង្កើតស្តុកដោយឡែកមួយទៀត គឺស្តុករាជរដ្ឋាភិបាល ដែលខ្ញុំបានបញ្ជាទិញ យកមកបានខ្លះហើយ អាលើកមុន តែលើកក្រោយនេះនឹងយកមកក្រោយបណ្តើរៗ ដែលសុំឲ្យក្រសួងសុខាភិបាលធ្វើការ។ បើកាលណាក្រសួងសុខាភិបាលត្រូវប្រើ ត្រូវស្នើសុំមកខ្ញុំដើម្បីខ្ញុំទិញបន្ថែម។ អញ្ចឹងស្តុក បើយោងទៅលើអ្វីដែលជាការចុះហត្ថលេខាជាមួយគេ ម៉ាសឡើងដល់១១លានម៉ាស ដោយសារយើងត្រូវការយក។ ខ្ញុំប្រើពាក្យស្តុកយ៉ាងតិច ១០លានម៉ាស អញ្ចឹងវាអាចឡើងដល់ ១២លាន ១៥លាន ឬឡើងដល់ ២០លាន មិនឲ្យទាបជាង ១០លានទេ អាហ្នឹងស្តុកបម្រុងរបស់រាជរដ្ឋាភិបាល»

សម្តេចបន្តថា «ខោអាវគ្រូពេទ្យ ឲ្យទិញមក ៥០០០កំប្លេហើយ ប៉ុន្តែខ្ញុំឲ្យទិញ ៥០០០កំប្លេទៀត សម្រាប់ស្តុកបម្រុងរបស់រាជរដ្ឋាភិបាល នៅពេលដែលរបស់ក្រសួងសុខាភិបាលប្រើអស់ រាជរដ្ឋាភិបាលត្រូវបញ្ចេញប្រើ។ ពេលដែលរាជរដ្ឋាភិបាលបញ្ចេញប្រើអស់ ១០០០កំប្លេ ទិញ១០០០កំប្លេទៀត ឲ្យនៅស្តុក ៥០០០កំប្លេដដែល។ ម៉ាសពេទ្យ N95 មានចំនួន ៥០០,០០០ម៉ាសថែមទៀត ទិញចូលក្នុងស្តុក ធ្វើម៉េចកុំឲ្យគ្រូពេទ្យរហូតដល់ខ្វះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្រសួងសុខាភិបាល ត្រូវចុះហត្ថលេខាជាមួយក្រុមហ៊ុន SKD និងក្រុមហ៊ុនមួយទៀត ដើម្បីទិញអាកុល ដើម្បីទិញយកស្តុកទុកសម្រាប់ប្រើប្រាស់។ សម្តេចអះអាងថា ក្រុមហ៊នទំាង២ នឹងជួយឲ្យកម្ពុជា មានអាកុលប្រើប្រាស់គ្រប់គ្រាន់។

សម្តេចមានប្រសាសន៍បញ្ជាក់ថា «អាកុល! យើងមាន២ក្រុមហ៊ុនហើយ គឺខ្ញុំបានអនុញ្ញាតលាយលក្ខណ៍អក្សរ ក្រសួងសុខាភិបាលត្រូវចុះហត្ថលេខាភ្លាម ជាមួយនឹងក្រុមហ៊ុន SKD ព្រោះក្រុមហ៊ុន SKD ផលិតអាកុល ៩៥% ក្នុងមួយថ្ងៃបាន ១៥០០០លីត្រ ហើយដែលអាចបម្លែងទៅជាអាកុល ៧៥% បាន ១៩០០០លីត្រ។ អញ្ចឹងត្រូវចុះហត្ថលេខា ដើម្បីទទួលយកក្នុងមួយថ្ងៃ ៥០០០ ទៅ ៨០០០លីត្រ ក្នុងមួយថ្ងៃ ដោយក្រសួងសុខាភិបាល។ ឯក្រុមហ៊ុន អ៉ឹមអេចប៊ីយ្យ៉ូអ៉ីណឺជី ពេលនេះមាននៅសល់អាកុល ៩៥% ចំនួន ៩០ម៉ឺនលីត្រ ដែលអាចបម្លែងទៅជាអាកុល ៧៥% បាន ១,១៧០,០០០លីត្រ ត្រូវចុះហត្ថលេខាទិញយកមកស្តុក»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សម្តេចថែមទាំងបានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាគ្រប់គ្រងការធ្វើចរាចរណ៍អាកុលឲ្យមានគុណភាព។ សម្តេចតេជោ ក៏បានបញ្ជាឲ្យក្រសួងសុខាភិបាល ចុះកិច្ចព្រមព្រៀងទិញ អុកស៉ីហ្សែន ពីក្រុមហ៊ុនឯកជនផងដែរ។

សូមបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៥៨នាក់ ខណៈអ្នកកំពុងត្រូវព្យាបាលមានចំនួន ៥៧នាក់ ហើយមិនមានករណីស្លាប់ឡើយ៕