(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បាននាំយកគ្រឿងបរិក្ខាពេទ្យមួយចំនួនដូចជា៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង, ថវិកាចំនួន៨លានរៀល, ប្រេងសាំង១,០០០លីត្រ, ម៉ាស់ចំនួន២ពាន់ម៉ាស និងស្រោមដៃ២ពាន់គូ មកចែកជូនស្រុកចំនួន៣ រួមមានស្រុកតំបែរ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ។

ការចុះចែកជូនរបស់សមាជិករាជរដ្ឋាភិបាលនេះ ធ្វើឡើងដើម្បីឆ្លើយតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តចូលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា រួមទាំងសមាជិកព្រឹទ្ធសភាព សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះជួយអប់រំផ្សព្វផ្សាយពី វិធានការបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមមូលដ្ឋានឱ្យបានសកម្ម, ទូលំទូលាយ, ទាន់ពេល និងមានប្រសិទ្ធភាព ពិសេសត្រូវនាំយកទៅជាមួយ នូវគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខាសម្រាប់ធ្វើអនាម័យសំខាន់ៗ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋផង។

លោករដ្ឋមន្ត្រីសូមថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិកក្រុមការងារ ដែលបានបរិច្ចាក ថវិកាផ្ទាល់ខ្លួនជាប្រាក់បៀវត្ស ឬសម្ភារជួយដល់ក្រុមការងារ សម្រាប់បម្រើឱ្យសកម្មភាពប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

លោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះសិល្ប:នៃការចែករំលែកនេះ ក្នុងឆន្ទៈចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទាំងស្រុកទាំង៣។ ក្នុងនោះលោកបានណែនាំ ដល់មន្ទីរពេទ្យបង្អែកទាំង៣ ប្រើប្រាស់រថយន្តឱ្យចំគោលដៅ គឺបម្រើសុខភាពសាធារណៈ លើកកម្ពស់សេវាកម្មដឹកជញ្ជូនអ្នកជំងឺ ពិសេសស្រ្តីឆ្លងទន្លេ ឱ្យបានទាន់ពេលវេលា និងត្រូវរួមគ្នាថែរក្សារថយន្តនេះឱ្យបានល្អ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមបន្ដទៀត។

លោករដ្ឋមន្រ្ដីបានក្រើនរំលឹកជូន មន្រ្តីសុខាភិបាលស្រុកថា បើទោះបីស្រុកទាំង៣ មិនទាន់ឆ្លងជំងឺនេះ ប៉ុន្តែមិនត្រូវព្រងើយកន្តើយ ឬធ្វេសប្រហែសឡើយ ផ្ទុយទៅវិញត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេដង ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នេះឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបន្ដថា សមាជិកក្រុមការងារត្រូវសកម្ម និងចុះជាប់មូលដ្ឋាន ដើម្បីពិនិត្យរាល់បញ្ហា ដែលអាចកើតឡើងដោយចៃដន្យ ដូចជាបញ្ហាខ្វះស្បៀង, អគ្គីភ័យ ពិសេសមានការសង្ស័យថា អាចឆ្លងជំងឺនេះត្រូវប្រញាប់រួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល៕