(កំពង់ធំ)៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងរួមគ្នាបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់រៀងរាល់ថ្ងៃនោះ អាជ្ញាធរនៅថ្នាក់ក្រោមក៏កំពុងមមាញឹក នឹងការងារអប់រំផ្សព្វផ្សាយពីវិធានការនានាដែលក្រសួងសុខាភិបាលបានដាក់ចេញ ជាក់ស្ដែងនៅក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំឯណោះវិញ ក៏កំពុងចុះធ្វើសកម្មភាពទាំងនេះយ៉ាងសស្រាក់សស្រាំងផងដែរ។

ស្រុកបារាយណ៍ និងស្រុកតាំងគោកនេះ ត្រូវបានគេស្គាល់ថា ជាមូលដ្ឋានចុះពង្រឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលជានិច្ចកាលលោករដ្ឋមន្ត្រីតែងតែចុះធ្វើសកម្មភាពជួយទំនុកបម្រុង ផ្គត់ផ្គង់ ក៏ដូចជាផ្ដល់អនុសាសន៍យ៉ាងច្រើនដល់អាជ្ញាធរ និងក្រុមការងារយកទៅអនុវត្ត ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។

ក្នុងដំណាក់កាលជួបវិបត្តិនៃការរាតត្បាតជំងឺផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា កូវីដ-១៩ នោះ លោករដ្ឋមន្ត្រី ថោង ខុន ក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ បានបង្គាប់ឱ្យក្រុមការងារចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ភូមិ ត្រូវក្ដាប់សភាពការណ៍ ស្ថិតិប្រជាពលរដ្ឋដែលចំណូលស្រុក ពិសេសពលករមកពីក្រៅប្រទេស ក៏ដូចជាតាមដានសុខភាព ជំរុញលើកទឹកចិត្តឱ្យពួកគាត់ចូលរួមអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសសហគមន៍ប្រជាពលរដ្ឋឱ្យរួចផុតពីការឆ្លងជំងឺកូវីដ១៩នេះ។

ក្នុងថ្ងៃចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនៅក្នុងឃុំទ្រៀល លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដែលជាស្រុកទើបបង្កើតថ្មីនៅក្នុងខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ពលករមកពីក្រៅប្រទេសដែលចូលមកក្នុងមូលដ្ឋានស្រុកតាំងគោកមានចំនួន ៧៧៦នាក់ ក្នុងនោះភាគច្រើនមកពីប្រទេសថៃ។

លោកអភិបាលស្រុកបានបញ្ជាក់ថា នៅកំលុងពេលមានប្រជាពលករចូលមកក្នុងស្រុកតាំងគោកនេះ រដ្ឋបាលស្រុកមិនបានធ្វេសប្រហែសបន្តិចណាឡើយ ដោយបញ្ជាទៅអាជ្ញាធរនៅតាមឃុំ ភូមិ ឱ្យចុះណែនាំអប់រំផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសួរសុខទុក្ខ តាមដានសុខភាពរបស់ពលរដ្ឋជារៀងរាល់ថ្ងៃ ហើយលោកផ្ទាល់ក៏តែងតែចុះធ្វើសកម្មភាពទាំងនេះជាប់ជាប្រចាំផងដែរ ទោះបីថាថ្ងៃខ្លះនៅដល់យប់ព្រលបយ៉ាងណា ក៏ក្រុមការងារមិនដែលរុញរេត្អួញត្អែនោះឡើយ។

លោក ហាក់ ម៉ុងហួត បានបន្តថា ក្រៅពីសកម្មភាពចុះអប់រំផ្សព្វផ្សាយខាងលើនេះ ក្រុមការងារនៃរដ្ឋបាលស្រុកតាំងគោក ក៏ដូចជារូបលោកផ្ទាល់ក៏តែងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ ថវិកា សម្ភារប្រើប្រាស់មួយចំនួន ចែកជូនពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ជនចាស់ជរាជាដើម មិនថាពួកគាត់ជាប្រជាពលរដ្ឋរស់នៅតាំងពីមុនស្រាប់ ឬពលករទើបមកពីក្រៅប្រទេសនោះឡើយ។

ខណៈកំពុងអង្គុយក្រោមផ្ទះកំលុងពេលដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេ លោក ជា តុន ដែលជាប្រជាពលរដ្ឋក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក បានរៀបរាប់ថា លោកនិងកូនៗ ៥នាក់ទៀត បានត្រលប់មកផ្ទះវិញតាំងពីថ្ងៃទី២២ ខែមីនា ចំណែកឯភរិយារបស់លោក គឺអ្នកស្រី នាង រិន បានត្រលប់មកដល់ផ្ទះមុនតាំងពីថ្ងៃទី១៨ ខែមីនាមកម្ល៉េះ។

លោក ជា តុន និងអ្នកស្រី នាង រិន ព្រមទាំងកូនៗបានទៅធ្វើការនៅផ្សារឡុងក្លឿង ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែបន្ទាប់ពីដឹងថាមានការរីករាលដាលនូវជំងឺកូវីដ១៩ នៅប្រទេសថៃ ក្រុមគ្រួសារនេះក៏ត្រលប់ចូលមកស្រុកកំណើតវិញ ហើយនៅពេលមកដល់ផ្ទះភ្លាម និងទទួលបានការណែនាំពីអាជ្ញាធរផងនោះ គ្រួសារគំរូមួយនេះក៏ចាប់ផ្ដើមអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន។

អ្នកស្រី នាង រិន បានឱ្យដឹងថា រៀងរាល់ថ្ងៃតែងមានមេភូមិចុះទៅស្ទង់កម្ដៅនឹងឧបករណ៍វាស់កម្ដៅ ព្រមទាំងមានអាជ្ញាធរស្រុក ឃុំ ចុះទៅសួរសុខទុក្ខតាមដានសុខភាពផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ក៏អាការរបស់លោក ជា តុន និងអ្នកស្រី នាង រិន ព្រមទាំងកូនៗ៥នាក់ទៀត មិនមានភាពខុសប្រក្រតីនោះទេ ពោលគឺពួកគាត់មានសុខភាពល្អធម្មតា។

តាមរយៈការចុះធ្វើសកម្មភាព ក៏ដូចជាការជួយឧបត្ថម្ភទំនុបម្រុងជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ លោក ហាក់ ម៉ុងហួត ក៏តែងទទួលបានការចូលរួមជាសម្ភារៈ ថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ សប្បុរសជននានាជាបន្តបន្ទាប់ទៀតដែរ ដើម្បីនាំយកទៅចែកជូនប្រជាពលរដ្ឋដែលមានសេចក្ដីត្រូវការបន្តទៀត។

ជាដំណឹងល្អមួយផងដែរចំពោះស្រុកតាំងគោក ដែលគិតមកទល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់មានអាការសង្ស័យឆ្លងជំងឺកូវីដ១៩នៅឡើយទេ ពោលទាំងប្រជាពលរដ្ឋរស់នៅទីនោះស្រាប់ និងពលករមកពីក្រៅប្រទេស គឺសុទ្ធតែមានសុខភាពធម្មតា។

ថ្វីដ្បិតទទួលបានលទ្ធផលល្អជាគំរូយ៉ាងនេះក្ដី ក៏លោកអភិបាលស្រុកតាំងគោកនៅតែបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ ដើម្បីការពារសុវត្ថិភាពសុខភាពនៅក្នុងសហគមន៍ទាំងអស់គ្នា។

លោក ហាក់ ម៉ុងហួត បានប្ដេជ្ញាថាមិនបន្ធូរដៃចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះឡើយ ដោយលោកនៅតែបន្តដឹកនាំក្រុមការងារចុះធ្វើសកម្មភាពនានាបន្តទៅទៀត រហូតដល់បញ្ហាជំងឺកូវីដ១៩នេះផុតរលត់បាត់ពីកម្ពុជា។

មិនខុសពីរដ្ឋបាលស្រុកតាំងគោកប៉ុន្មានដែរ នៅស្រុកបារាយណ៍ឯណេះវិញ ក៏ខិតខំអនុវត្តតាមប្រសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋបាលខេត្តកំពង់ធំយ៉ាងសកម្មផងដែរ។

លោក ឃន ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ពលករមកពីក្រៅប្រទេសចូលមកស្រុកបារាយណ៍នេះ គឺមានចំនួន ២៩១នាក់ ក្នុងនោះមកពីប្រទេសថៃច្រើនជាគេមានចំនួន ២៤៨នាក់ (ស្រី៩៥នាក់) ក្រៅពីនោះមានមកពីម៉ាឡេស៉ី កូរ៉េជាដើម។

លោកអភិបាលរងស្រុកបានបន្តថា ក្រោយពីទទួលបានការណែនាំពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ រដ្ឋបាលស្រុកបានចាត់វិធានការ ក៏ដូចការក្ដាប់នូវស្ថិតិពលករទាំងនោះ ដោយមានទាំងវិធានការអប់រំផ្សព្វផ្សាយ វិធានការឲ្យស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ មន្ត្រីឃុំ ភូមិ បានចុះយកកម្ដៅរបស់ប្រជាពលរដ្ឋដែលមកស្នាក់នៅ ១៤ថ្ងៃ ដាក់ដោយឡែកនោះជារៀងរាល់ព្រឹក។

ថ្វីដ្បិតស្រុកបារាយណ៍មានប្រជាពលរដ្ឋចំនួន ៤នាក់ ត្រូវបានគេយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក៏ពិតមែន ប៉ុន្តែក្រោយការត្រួតពិនិត្យ ឃើញថាពួកគាត់មិនមានផ្ទុកមេរោគ ឬឆ្លងជំងឺកូវីដ១៩នោះឡើយ (អវិជ្ជមាន)។

ក្នុងចំណោមប្រជាពលរដ្ឋដែលមកពីប្រទេសថៃ លោក ស៊ី សាយ និងអ្នកស្រី សួង សាត បានត្រលប់ពីទីក្រុងបាងកកទាំងប្ដីប្រពន្ធ តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ហើយមកដល់ពេលនេះសុខភាពរបស់ពួកគាត់ក៏មានសភាពល្អធម្មតាដូចសព្វមួយដង មិនមានអ្វីខុសប្រក្រតីឡើយ ខណៈមេភូមិក៏តែងចុះមកស្ទង់កម្ដៅដល់ខ្នងផ្ទះជាប្រចាំផងដែរ។

កំពុងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងផ្ទះឆ្ងាយពីគេមួយ ដែលស្ថិតនៅឃុំចុងដូង ស្រុកបារាយណ៍ អ្នកស្រី សួង សាត តែងឃើញមានអាជ្ញាធរភូមិ ឃុំ សមត្ថកិច្ច ចុះមកណែនាំពីវិធានការផ្សេងៗ ក៏ដូចជាការផ្សព្វផ្សាយតាមមេក្រូចល័តទូទៅផងដែរ ខណៈដែលគ្រួសារអ្នកស្រីក៏អនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន មិនហ៊ានប្រហែសបន្តិចណាឡើយ ហើយក៏តែងតាមដានព័ត៌មាន ឬការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកទៀតផង។

ចំពោះការស្នាក់នៅ និងការទទួលទានអាហាររបស់គ្រួសារលោកស្រី សួង សាត ក៏គ្មានបញ្ហាអ្វីនោះឡើយ ទោះបីថាកំលុងពេលនេះចង់ដើរទៅនេះទៅនោះយ៉ាងណាក្ដី ក៏មិនទាន់ហ៊ានទៅដែរ នេះក៏ដើម្បីការពារសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។

បើតាមលោក ឃន ចាន់ថៃ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបារាយណ៍ ពិសេសពលករដែលមកពីក្រៅប្រទេស មិនទាន់មានអាការគួរឱ្យសង្ស័យថាឆ្លងជំងឺកូវីដ១៩នោះឡើយ ខណៈមេភូមិគ្រប់ភូមិទាំងអស់ក៏បានចុះតាមដានសុខភាពរបស់អ្នកភូមិជាប្រចាំ។

ជាគំរូមួយថ្មីផងដែរ ពោលគឺនៅពេលទទួលបានដំណឹងពីខាងព្រំដែនថាមានពលករដែលកំពុងធ្វើដំណើរចូលមកមូលដ្ឋានស្រុកបារាយណ៍ អាជ្ញាធរស្រុក ឃុំ ភូមិ បានចុះទៅដល់ផ្ទះរបស់ពលករទាំងនោះ ដោយជំរុញណែនាំឱ្យក្រុមគ្រួសាររៀបចំកន្លែងដាច់ដោយឡែកទុកឱ្យហើយ ត្រៀមសម្រាប់ពលករដែលកំពុងធ្វើដំណើរមកនោះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង។

ទោះបីជាមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នៅក្នុងមូលដ្ឋានស្រុកបារាយណ៍យ៉ាងនេះក្ដី ក៏លោក ឃន ចាន់ថៃ ក្នុងនាមតំណាងឲ្យរដ្ឋបាលស្រុកបារាយណ៍ទាំងមូល បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលស្នាក់នៅក្នុងរយៈពេល ១៤ថ្ងៃ ត្រូវបន្តវិធានការអនាម័យ ការពារសុខភាពរបស់ខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្រុមការងារស្រុកក៏នឹងបន្តយកចិត្តទុកដាក់ត្រួតពិនិត្យតាមដានសុខភាពរបស់ប្រជាពលរដ្ឋបន្តទៀតដែរ៕