(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមរួមនឹងលោក លោកស្រី អភិបាលរង ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានទទួលថវិកាចំនួនជាង១៦លានរៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ១៩។

សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានសម្រេច រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាមក្នុងនោះរួមមាន៖

* ទី១៖ មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)។

* ទី២៖ សណ្ឋាគារមេគង្គ មានចំនួន៧១ បន្ទប់ ស្មើចំនួន១៤២គ្រែ។

* ទី៣៖ សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។

* ទី៤៖ អាគារសាលារៀនចំនួន២អគារ មានចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ ដោយទីតាំងធំទូលាយមានខ្យល់អាកាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ៕