(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានចុះជួយខណ្ឌបឹងកេងកង, លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាលបឹងកេងកង បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកសម្ភារមួយចំនួនដែលមានអង្ករ អាល់កុល ម៉ាស ក្រម៉ា ថវិកា ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយស្តីពីការការពារ និងការរីករាលដាលនូវមេរោគ COVID-19 ដល ក្នុងសង្កាត់បឹងកេងកងទី២។

ក្នុងនោះក៏បានការអញ្ជើញចូលពីលោកស្រី ស៊ិន រតនា អភិបាលរងព្រមទាំង លោកប្រធានការិយាល័យ និងមានការចូលរួមពីលោកចៅសង្កាត់បឹងកេងកងទី២ និងទី៣ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោក ធឹម សំអា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការសម្អាត និងអនាម័យឲ្យបានល្អ ដោយផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រញាប់ទៅមន្ទីរពេទ្យ បើមានការសង្ស័យទាក់ទងនឹងជម្ងឺកូវីដ ១៩ ឬទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល។

លោកក៏សូមបងប្អូនថែទាំអនាម័យខ្លួនយើងជាប់ជាប្រចាំ ហើយចៀសវាងកុំនៅជុំគ្នាច្រើន យើងឧស្សាហ៍លាងដៃដោយសាប៊ូ។ បញ្ហាមិនធ្ងន់ធ្ងរទេ តែបញ្ហាសំខាន់ គឺយើងមិនបានដើរលេងទៅណា។ បើបងប្អូនមានបញ្ហាក្តៅខ្លួន សូមបងប្អូនប្រាប់អាជ្ញាធរភូមិ សមត្ថកិច្ច ហើយយើងត្រូវទៅពេទ្យភ្លាម បើបងប្អូនសង្ស័យថា អត់ស្រួល ពិសេសអ្នកមកពីក្រៅ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច។ សម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ គឺសម្តេចធ្វើយ៉ាងណាមិនអោយបងប្អូនរងគ្រោះដោយសារជំងឺ COVID-19 រាតត្បាតនេះទេ។

លោកបន្តថា «យើងមិនមែនការពារតែខ្លួនយើងនោះទេ គឺយើងការពារដល់គ្រួសារ ប្រពន្ឋ កូនយើង ពិសេសការពារដល់សហគមន៍យើង ។ ព្រោះជំងឺនេះឆ្លងលឿនណាស់ តែមិនធ្វើអោយស្លាប់នោះទេ បើយើងការពារអនាម័យបានល្អនោះ»។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដោយសង្កត់ធ្ងន់ពីគ្រោះថ្នាក់នៃជំងឺ COVID-19 ដែលមកទល់បច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ បានឆ្លងជាសកលនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ ដោយឡែកនៅកម្ពុជាយើង ទោះបីជំងឺនេះមិនទាន់ឆ្លងរាលដាលធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជំងឺជាសះស្បើយខ្លះក៏ដោយក្តី ប៉ុន្តែមិនទាន់មានសញ្ញាស្រាកស្រាន្តនៅឡើយទេ។ ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបន្តទៅទៀត តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរស់នៅមានអនាម័យខ្ជាប់ខ្ជួន លាងដៃដុសសាប៊ូញឹកញាប់ ក្នុងទំនាក់ទំនងគ្នាទៅវិញទៅមកត្រូវរក្សាគំលាតសមស្រប និងពាក់ម៉ាសការពារផ្លូវដង្កើម ពិសេសចៀសវាងដាច់ខាតការប្រមូលផ្តុំមានមនុស្សច្រើន។ល។

នាឱកាសនោះដែរលោកអភិបាលខណ្ឌបឹងកេងកង បានបិទនូវផ្ទាំងរូបភាពដោយស្ដីពីការ បង្ការ ទប់ស្កាត់ ដោយការពារ មេរោគកូវីដ១៩ផងដែរ។ ដូចនេះយើងត្រូវចូលរួមបង្ការ និងទប់ស្កាត់ នៃការ រាលដាល នៃមេរោគ COVID-19។ ម្យ៉ាងវិញទៀត ត្រូវចេះសាមគ្គីជួយយកអាសារគ្នាទាំងក្នុងពេលមានគ្រោះភ័យនៃជំងឺឆ្លង COVID-19 ទាំងក្នុងពេលពុះពារឆ្លងកាត់ការលំបាក ដែលជាផលប៉ះពាល់ នៃវិបត្តិ COVID-19 នេះ ទៅលើសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសហគមន៍។

មន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា ខណៈចុះសួរសុខទុក្ខលោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយទៅចែកជូនផងដែរ។ ក្នុងនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន១០គីឡូ អាល់កុល, ម៉ាស់, ក្រម៉ា ថវិកាមួយចំនួនផងដែរ៕