(កំពង់ចាម)៖ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ខេត្តកំពង់ចាម-ត្បូងឃុំ ដឹកនាំដោយលោក ជឹម លាវ និងលោក ច្រឹង គឹមស៊្រាន លោកស្រី ស៊ី វណ្ណថា បានចូលរួមបរិច្ចាគសំភារៈ ថវិកាផ្ទាល់ខ្លួន ដែលមានថវិកាចំនួន ៦.០០០.០០០ រៀល, ម៉ាស់ដេរដោយដៃ ៥,០០០ម៉ាស់ និងអាល់កុល ១២០លីត្រ ជូនដល់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីទុកប្រើប្រាស់ប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណចំពោះលោក-លោកស្រី សមាជិកព្រឹទ្ធសភា ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈដូចខាងលើ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើសកម្មភាព អប់រំផ្សព្វផ្សាយ វិធានការអនាម័យ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំ អ្នកចំណូលស្រុកអោយមានការស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ៕