(ភ្នំពេញ)៖ បុរសម្នាក់ក្នុងចំណោមមិត្តភក្តិ៣នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីក្រុមចោរមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានវាយនឹងខ្សែក្រវ៉ាត់ ប្លន់យកម៉ូតូ Next ​មួយគ្រឿងបានសម្រេច នៅវេលាម៉ោង ១៖២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៧​ ខែមករា​ ឆ្នាំ​២០១៦ ត្រង់មុខសាលាវជ្ជសាស្ត្រ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរចេញពីរាំកម្សាន្តនៅក្លិប Top ។

បុរសរងគ្រោះដែលត្រូវក្រុមចោរវាយនឹងខ្សែក្រវ៉ាត់ ប្លន់យកម៉ូតូម៉ាក Next ពណ៌ស ស្លាកលេខភ្នំពេញ 1CA-2587 បណ្តាលឲ្យរងរបួសធ្ងន់នោះ បានប្រាប់ថា ពួកគេមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង ទើបចេញមកពីក្លិបគោលបំណងត្រឡប់ទៅផ្ទះ​វិញ ដោយជិះតាមផ្លូវ២៧១ លុះជិះមកដល់ចំណុចកើតហេតុ ត្រង់មុខសាលាវេជ្ជសាស្ត្រ ក៏លេចមុខក្រុមចោរចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានធ្វើការធាក់ម៉ូតូឲ្យដួល វាយដោយខ្សែក្រវ៉ាត់ចំក្បាល បណ្តាលឲ្យរងរបួស បន្ទាប់ពីរងរបួសក្រុមចោរបានយកម៉ូតូ របស់ជនរងគ្រោះជិះគេចចេញបាត់ ដោយសុវត្ថិភាព។

ជនរងគ្រោះដែលរងរបួសមានឈ្មោះ​ មុំ​ សាវី ​ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅពេលនេះកម្លាំងនគរបាលខណ្ឌចំការមន ក្រោមបញ្ជាផ្ទាល់ពីលោក យិន សាន អធិការខណ្ឌ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕