(ត្បូងឃ្មុំ)៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគាត់ទាំងពីរបានយកដើមព្រាល ទៅលាយផ្សំជាមួយថ្មពិល និងធ្យូង ដើម្បីច្នៃធ្វើជាគ្រឿងផ្ទុះ បណ្តាលឱ្យផ្ទុះធ្លាយខួរស្លាប់ និងរងរបួសតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៌នេះបានកើតឡើង នៅម៉ោងជាង ១រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅភូមិកន្សោមសត្វឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាន យ៉ាត អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយជនរងគ្រោះ ដែលរបួសស្រាលនៅភូមិកើតហតុខាងលើ។

សមត្ថកិច្ចថា ជនរងគ្រោះតែងតែយកថ្មពិលចាស់ៗមកលាយជាមួយនឹងធ្យូង ដើម្បីផ្សំធ្វើជាគ្រឿងផ្ទុះតែមិនដឹងជាលាយខុស បានកំពុងតែកិនសុខៗក៏ឆេះផ្ទុះបណ្តាលឲ្យស្លាប់ និងរងរបួសតែម្តង៕