(ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្កី នៃកម្ពុជា បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម ដោយមិនចាំបាច់មានប័ណ្ណបើកបរទៀតទេនោះ, មានប្រជាពលរដ្ឋបានផ្ញើសារថ្លែង អំណរគុណយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គម Facebook ដោយសាទរចំពោះ ការសម្រេចលប់ចោលនេះ។

ប្រជាពលរដ្ឋខ្លះបានថ្លែងអំណរគុណសម្តេចតេជោថា៖ «សូមអរគុណសម្តេច សម្តេចពិតជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវ ដឹងសុខដឹងទុក្ខប្រជារាស្ត្រមែន»។ ប្រជាពលរដ្ឋខ្លះទៀតបានសរសើរថា៖ «សូមគោរពនឹងសូមថ្លែងអំណរ អរគុណសម្ដេចតេជោ យ៉ាងជ្រាលជ្រៅជាទីបំផុត ដោយក្ដីគោរពនឹងស្រលាញ់»។

ប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងថា៖ «អរគុណដល់សម្ដេច ខ្លាំងណាស់ដែលគិតគូពីទុក្ខលំបាករបស់ប្រជាជន» មួយចំនួនទៀតនិយាយជូនពរសម្តេចថា« ប្រជាជន សប្បាយ ណាស់ ចំពោះកាដូនេះ អគុណ សម្តេចសូមអោយសម្តេច អាយុវែង»។

ទន្ទឹមនឹងការថ្លែងអំណរគុណនេះក៏មានប្រជាពលរដ្ឋមួយចំនួន បានរិះគន់ផងដែរ, ដូចជាគណនី Facebook ដែលមានឈ្មោះថា Sam Nang បានរិះគន់ថា «វាយក្មេងអោយយំហើយ ទើបបញ្ចុកចេកតាមក្រោយ (នេះជាការពិត)» ពាក់ព័ន្ធនឹងករណីត្រូវបានអ្នកលេង Facebook លើកឡើងសួរជាសំណួរវិញថា តើសម្តេចធ្វើយ៉ាងមេច ទើបត្រូវចិត្តអ្នកប្រឆាំង, ឬមួយរាល់អំពើល្អរបស់សម្តេចអ្នកមើលមិនឃើញ, ព្រោះការសម្រេចលុបនេះ គឺជាការចង់បានរបស់ប្រជាពលរដ្ឋទូទៅនៅកម្ពុជា។ នេះគឺជាចរិតប្រឆាំងសុទ្ឋសាធ សូម្បីតែសម្តេចបានខិតខំជួយ សម្រួលដល់ជីវភាពប្រជាជនបែបនេះក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment ទៅកាន់លោក Sam Nang ដោយមានខ្លឹមសារ ទាំងស្រុងថា៖ «ខ្ញុំសង្ឃឹមថាពលរដ្ឋនឹងអស់កង្វល់ ចំពោះការប្រើប្រាស់ម៉ូតូទោះបីក្នុងផ្ទះមានម៉ូតូ១ ប្រើគ្នា៣ នាក់ ឬ៦នាក់ គឺមិនចាំបាច់ឲ្យមានប័ណ្ណបើកបរទេ បើកម្លាំងម៉ូតូចាប់ពី 125ccចុះក្រោម។ ហើយចំពោះក្មួយ Sam Nang “វាយក្មេងអោយយំហើយ ទើបបញ្ចុកចេកតាមក្រោយ (នេះជាការពិត)” នេះគឺជាចរិតប្រឆាំងសុទ្ឋសាធសូម្បីតែពូបានខិតខំជួយ សម្រួលដល់ជីវភាពប្រជាជនបែបនេះក៏ដោយ។ តើបក្សក្មួយអស់សន្លឹកបៀរលេងឃោសនាបោកប្រាស់លែងបានឬ ទើបនិយាយបែបនេះ?»

ដោយឡែកលោក Peou Sophorn បានសរសេរនៅលើ Facebook ថា៖ «សូមថ្លែងអំណរអរគុណដល់លោកអ៊ុំ ដែលមានការអនុគ្រោះដល់បងប្អូនខ្មែរ។ ខ្ញុំដឹងថាលោកអ៊ុំមិនចិត្តអាក្រក់នោះទេ មានតែជនឆ្លៀតឱកាសដូចជា បក្សប្រឆាំង Cnrp ទេ បានតែសន្យា តែទង្វើគ្មានការទទួលខុសត្រូវ។ គោលចំបងរបស់ពួកយើងគឺការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាគោលចំបងក្នុងការអភិវឌ្ឍស្រុកយើង»។

សូមជំរាបថា ការសរសើរ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook សម្រេចបញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុង ក្នុងការធ្វើប័ណ្ណបើកបរ ចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូ មានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា៕