(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយក្នុងនោះនឹងមានរបៀបវារៈចំនួន២ផ្សេងទៀត នោះគឺ ប្រកាសសុពលភាពបេក្ខជនតំណាងរាស្រ្តថ្មីមណ្ឌលតាកែវជំនួស លោក ជា វណ្ណដេត ដែលទៅកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និង ពិនិត្យមើលសំណើដាក់បេក្ខជនប្រធានគណៈកម្មការ ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើរសារជូនជនរួមជាតិ អំពីការពិចារណាទូលថ្វាយព្រះមហាក្សត្រ សុំរាជានុញ្ញាតដើម្បីដាក់ប្រទេសកម្ពុជា «ឲ្យស្ថិតនៅក្នុងភាពអាសន្ន» ខណៈស្ថានភាពរីករាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដោយមានអ្នកឆ្លងប្រមាណជាង១០០នាក់៕