(ភ្នំពេញ)៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលអះអាងថា បានបើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។

បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

យ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌ។

ជាមួយគ្នានេះបន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ៕

(ជនដៃដល់)

(ជនរងគ្រោះ)