(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយម៉ាសចំនួន ១០កេស ពីសមាគមន៍សហគ្រិនចិននៅកម្ពុជា ដឹកនាំដោយលោក ថោង ចម្រើន ប្រធានសមាគមន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅកម្ពុជា។

សូមជម្រាបថា នៅថ្ងៃ០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន ៣នាក់ ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន ៦១នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់។

ករណីជាសះស្បើយ ៣នាក់ ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើការសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕