(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន រួមដំណើរដោយអភិបាលរងខណ្ឌ លោក អាំង សិរីពិសិដ្ឋ និងលោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ បានបន្តចុះសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅតាមបន្ទប់ជួលក្នុងខណ្ឌចំការមន។

ក្នុងការចុះសំណេះសំណាល និងសួរសុខទុក្ខតាមបន្ទប់ជួលនេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអោយដឹងថា ដោយសារតែបញ្ហាជំងឺ COVID-19 បានឆ្លងរីកដាលមកដល់ ប្រទេសកម្ពុជាយើងហើយតាមបណ្ដាក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន បៀហ្គាដិន ខារ៉ាអូខេ ត្រូវបានបិទជាបណ្តោះអាសន្ន អ៊ីចឹងហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជួបនិងបញ្ហាអត់ប្រាក់ខែបង់ថ្លៃផ្ទះ ឬបន្ទប់ជួល ដូចឆ្នេះហើយរូបលោកក៏ទទូចស្នេីសុំអោយបងប្អូនដែល​ជាម្ចាស់ផ្ទះ​មាន បន្ទប់ជួល​ ក្នុងខណ្ឌ​ចំការមន មេត្តាអនុគ្រោះយោគយល់​បន្ធូរបន្ថយ​ទៅតាម​លទ្ធភាព​ដែល​ម្ចាស់​ផ្ទះអាចធ្វើ​ទៅបាន។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តទៀតថា ដូច្នេះហើយគឺនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោកបានបន្តដឹកនាំកម្លាំងមន្ត្រីសាលាខណ្ឌ ចំការមនចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៍ដូចជាម្ចាស់​ផ្ទះមួយកន្លែង ស្ថិតនៅចំភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលផ្ទះ ជួលខាង លើគឺមានបន្ទប់ជួលចំនួន២៣៤បន្ទប់ ហើយម្ចាស់ផ្ទះខាងលើ ក៏បានបានបន្ធូរបន្ថយតាមការទទូចស្នេីសុំរបស់​ថ្នាក់​ដឹកនាំគឺបានបញ្ចុះតម្លៃ ២០-៣០ភាគរយ ដល់អ្នកជួលបន្ទប់ស្នាក់ផងដែរ ។

ជាចុងក្រោយ លោកអភិបាលក៏បានថ្លែងអំណរគុណដល់ម្ចាស់ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់​នៅក្នុងបន្ទប់ជួលចូលរួម​ទប់ស្កាត់ និងការពារការឆ្លងមេរោគ COVID-19 ដោយត្រូវចេះ​រក្សា​អនាម័យ ដោយពាក់ម៉ាស់ លាងដៃឲ្យបានត្រឹមត្រូវ ជាមួយនឹងសាប៊ូ ជែលឬ អាកុលជានិច្ចដើម្បី សុខភាព និងការឆ្លងមេរោគ COVID-19 នេះផងដែរ៕