(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកទី០៦ ខែមេសា ឆ្នាំ២០២០ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំក្រុមការងារ នាំមកនូវថវិកាចំនួន១០៩,៤៧៦,០០០រៀល ដែលទទួលបានពីសមាជិកគាំទ្រចំនួន ៨,២១២នាក់ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មកប្រគល់ជូនក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងពីធីប្រគល់-ទទួលនេះ លោក នង ពិសិ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបរិច្ចាគ ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជានេះ ដែលនេះជាកាយវិការគួរឱ្យគោរព និងបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺ ទឹកចិត្តខ្មែរជួយខ្មែរ តាមរយៈការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជារាប់លាននាក់។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ក្រោមដំបូលសន្តិភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន។

នៅទីបញ្ចប់, លោក នង ពិសិ្ឋ បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះនាយឧត្តមសេនីយ៍ ម៉ក់ សារុន និងបានលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកការចូលរួមបរិច្ចាគ ឱ្យបានកាន់តែទូលំទូលាយ ទាំងនៅតាមក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព៕