(ឧត្តរមានជ័យ)៖ លោកឧកញ៉ា លី ហួរ ប្រធានសហគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមទាំងអស់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានរួមគ្នាបរិច្ចាគថវិកាសរុបទឹកប្រាក់ចំនួន ៤៤០លានរៀលស្មើនឹង១១ម៉ឺនដុល្លារអាមេរិក រួមជាមួយនឹងការផ្តល់ ក្រម៉ាចំនួន១ពាន់ ចែកជូនដល់កងទ័ពជួរមុខឈរជើង នៅទិសប្រាសាទតាមាន់ ដើម្បីជាការរួមចំណែក នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ១៩ និងក៏ជាការសាកសួរសុខទុក្ខ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។

ការប្រគល់អំណោយទាំងនេះ ធ្វើឡើងនៅកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលជួរមុខឈរជើងនៅទិសប្រាសាទតាមាន់ ជាច្រើននាក់។

លោក កែវ រតនៈ បានថ្លែងកោតសរសើរ ដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធានរួមទាំងថ្នាក់ដឹកនាំ និងសមាជិករបស់ សមាគមទាំងអស់ ដែលមានសមានចិត្តល្អប្រពៃ ចូលរួមឧត្ថម្ភថវិកា ហើយថែមទាំងលោកឧកញ៉ា បានលះបង់ពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខផ្ទាល់ លើកកម្លាំងចិត្តដល់កងពលតូចថ្មើរជើងលេខ៤២ និងកងនគបាលវរសេនាតូចលេខ៧០២ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសក្នុងគ្រាដែលយើងទាំងអស់គ្នា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

លោកឧកញ៉ា លី ហួរ បានថ្លែងថា ការនាំយកថវិកាមកថ្ងៃនេះ គឺជាការចូលរួមរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយកងទ័ព ក្នុងគ្រាដែលកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ហើយអ្វីដែលសំខាន់ គឺរំលឹកនូវការចង់ចាំ ការលះបង់ពេលវេលា លះបង់ឈាមស្រស់សាច់ស្រស់ របស់បងប្អូនកងទ័ព ដើម្បីការពារជាតិមាតុភូមិរបស់យើងយ៉ាងប្តូរផ្តាច់ ដើម្បីសេចក្តីសុខសាន្តរបស់ជាតិ និងប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាបន្តបន្ទាប់តែងបានយកអំណោយ និងបានចូលរួមជាមួយ អគ្គីសនីកម្ពុជា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពជួរមុខ ក្នុងក្របខ័ណ្ឌអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ និងកងនគរបាលវរសេនាតូចលេខ៧០២ ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាមាន់៕