(មណ្ឌលគិរី)៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ រុករករ៉ែលោហៈដ៏ធំមួយ របស់ប្រទេសអូស្រ្តាលីឈ្មោះ រ៉េនីសង់ ដែលមានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល បានសិក្សាស្រាវជ្រាវរករ៉ែលោហៈនៅតំបន់ខ្វាវ ក្នុងទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី លើផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រការ៉េនោះ បានអំពាវនាវដល់អាជ្ញាធរ ខេត្តជួយអន្តរាគមន៍ ទប់ស្កាត់នូវសកម្មភាពធ្វើសកម្មភាពរ៉ែខុសច្បាប់ នៅតំបន់របស់ខ្លួន។

សូមបញ្ជាក់ថា តាមការរំពឹងទុកក្នុងឆ្នាំ២០១៧ខាងមុខនេះ ក្រុមហ៊ុននឹងដាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការជួយស្តារ និងអភិវឌ្ឍន៍លើវិស័យនានា ជាច្រើនទៀតផងដែរ នៅខេត្ត​មួយនេះ។ តែអ្វីដែលកើតឡើង ធ្វើឱ្យខាងភាគីក្រុមហ៊ុន មានការខឹងសម្បានោះ គឺបច្ចុប្បន្ននេះមានមន្រ្តីយោធាមួយក្រុមដែលគេដាក់ការសង្ស័យថា ជាអតីតមេបញ្ជាការវរៈអន្តរាគមន៍​លេខ១របស់​ខេត្តមណ្ឌលគិរី ឈ្មោះថន ម៉េងស៊្រា បាននិងកំពុងជីកខួង ដាក់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែ មានជំរៅជ្រៅៗ ជីករំលោភយកទីតាំងដី របស់ក្រុមហ៊ុនគ្មានការរំខាន។ ជាមួយគ្នានេះដែរ ក្រុមឈ្មួញទាំងនេះ មានការប្រើសារធាតុគីមី សំរាប់បំលែងយករ៉ែទៀតផង ដែលសារធាតុនេះ វាបាន និងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពមនុស្សសត្វ សត្វព្រៃ ព្រៃឈើ និងសត្វពាហៈផ្សេងៗទៀតផង។ បញ្ហាកើតមានភាពអនាធិបតេយ្យ នៃការជីករ៉ែខុសច្បាប់ខាងលើនេះ ក្រុមហ៊ុន រ៉េនីសង់ កំពុងស្នើឱ្យអាជ្ញាធរខេត្ត និងមន្ទីររ៉ែថាមពល ព្រមទាំងអង្គភាព មានសមត្ថកិច្ចនៅខេត្តនេះ មេត្តាចាត់វិធាន​ការជួយទប់ស្កាត់និងបង្រ្កាបចំពោះករណីល្មើសខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការ វិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយភាពជោគជ័យ។លោក ថន ម៉េងស៊្រា អតីតមេបញ្ជាការយោធាវរៈអន្តរាគមន៍លេខ១នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បច្ចុប្បន្នមកកាន់តំណែងជានាយរងសេនាធិការសឹករងខេត្ត។ លោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្ត​នៅថ្ងៃទី៦ ខែមករាឆ្នាំ២០១៦នេះបានបញ្ជាក់ថា រាល់បញ្ហាកើតមានបទល្មើសខុសទៅ និងច្បាប់ហាមប្រាមកន្លងមក លោកតែងតែធ្វើការណែនាំជាដាច់ខាត​ដល់មន្រ្តីយោធាមួយចំនួនណា ដែលមានពាក់ព័ន្ធទៅនិងករណីប្រឈមផ្លូវច្បាប់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួន។

ចុងក្រោយលោកបានប្រាប់ថាបញ្ហាខាងលើនោះ គាត់ឮថា ខេត្តបានបញ្ជាឱ្យបញ្ឈប់រណ្តៅរ៉ែមាសខុសច្បាប់នោះ ហើយ។លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែថាមពលខេត្តបានប្រាប់ថា លោកនិងរៀប​ចំបង្កើត​គណៈកម្មការចំរុះក្នុងនាមខេត្តដើម្បី ចុះទៅទីតាំងដែលកើតមានរណ្តៅរ៉ែគ្មានច្បាប់នោះហើយដើម្បីធ្វើការទប់ស្កាត់និងបង្រ្កាបហើយជាការឆ្លើយតបជាមួយពាក្យបណ្តឹងរបស់ក្រុមហ៊ុន៕