(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនកាំពីតូល តាមរយៈតំណាងក្រុមហ៊ុន និងមេធាវីរបស់ខ្លួន បានចាត់ទុកថា ការធ្វើកូដកម្ម របស់អតីតអ្នកបើក អស់រយះពេល៨ថ្ងៃ នៅមុខក្រុមហ៊ុន កន្លងមក ជាសកម្មភាពខុសច្បាប់ ដែលក្រុមហ៊ុនមិនអាចទទួលយកបានឡើយ និងបានប៉ះពាល់ដល់ការរកស៊ីយ៉ាងខ្លាំង។

លោក ខៀវ  វ៉ាន មេធាវីតំណាងក្រុមហ៊ុន ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងថា ការដែលក្រុមហ៊ុនដកអ្នកបើក ឡានក្រុមហ៊ុន កាំពីតូលចេញ នាពេលកន្លងមក ដោយសារតែមានបណ្តឹងពីអតិថជនបាន ប្តឹងមកក្រុមហ៊ុន ជាច្រើនលើក ប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុន ដូចជា លួចដាក់ភ្ញៀវតាមផ្លូវ បើកបរមិនគោរពច្បាប់ ឈ្លោះប្រកែកជាមួយអ្នកលក់សំបុត្រតាមសាខា និងមិនឈប់ដាក់ភ្ញៀវតាមសាខាជាដើម និងកំហុសផ្សេងៗទៀត។

លោកបន្ថែមថា មុននឹងធ្វើការដកពួកគេទាំង នោះក្រុមហ៊ុនបានធ្វើការណែនាំ  ពួកគេជាច្រើនលើកច្រើនសារប៉ុន្តែ ពួកគេមិនគោរព នឹងបន្តប្រព្រឹត្តដដែល ទើបក្រុមហ៊ុន សម្រេចចិត្តបញ្ឈប់ពួកគេ។ មេធាវីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ពាក់ពន្ធ័នឹងករណីប្តឹងតវ៉ារបស់អតីតអ្នកបើកឡាន ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ សម្រេចចំនួនពីរចំណុច ទី១ បដិសេធការទាមទាររបស់អតីតអ្នកបើកឡានចំនួន៦ចំណុចចោល និងទី២ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញ បង្គាប់បដិសេធការទាមទារ របស់ពួកគេចំពោះការទាមទារឲ្យពួកគេចូលធ្វើការវិញ។

លោកបានបន្តទៀតថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ពួកគេបាន បានស្នើសុំធ្វើកូដកម្ម សាជាថ្មី ប៉ុន្តែមិនត្រូវបាន អាជ្ញាធរនឹងស្ថាប័នពាក់ពន្ធ័អនុញាតឡើយ ដូច្នេះពួកគេធ្វើកូដកម្ម ទាំងបំពានច្បាប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី ៦ ខែមករានេះ ។

សូមរំលឹកថា អតីតអ្នកបើកឡាន ក្រុមហ៊ុនកាំពីតូល បាននាំគ្នាធ្វើកូដកម្មសារជាថ្មី នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ដោយស្រែកទាមទារ ឲ្យក្រុមហ៊ុនគោរពច្បាប់នឹងទទួលយក ពួកគេជាង៤០នាក់ ចូលធ្វើការវិញ  ប៉ុន្តែការទាមទារនោះត្រូវបាន ក្រុមហ៊ុនបដិសេធ មិនព្រមទទួលយក ដោយអះអាងថា ពួកគេបានប្រព្រឹត្តខុស ខុសពីបទបញ្ជាផ្ទៃ ក្នុងរបស់ក្រុមហ៊ុន៕